សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។
សុន្ទរកថាពិសេសនេះ មានចំណុចសំខាន់ៗ ដូចខាងក្រោម៖
ទី១. សម្តេចមហាបវរធិបតី បានលើកឡើងអំពីបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាកមកលើគ្រប់បណ្តាប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ។ ក្នុងស្មារតីនេះ, កម្ពុជាយល់ថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ ហើយសន្តិភាព និងវិបុលភាពដ៏ពិតប្រាកដអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតីនៃ នយោបាយឈ្នះ ឈ្នះ ប៉ុណ្ណោះ ។
ទី២. សម្តេចមហាបវរធិបតី បានលើកឡើងថា ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥ ក្នុងសកល, អាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតរមួត, ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និងមជ្ឈភាពអាស៊ាន, និងត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់។ ការជំរុញពាណិជ្ជកម្មទៅវិញទៅមក, ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងការផ្សាភ្ជាប់នៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់។
ទី៣. សម្តេចមហាបវរធិបតី បានបង្ហាញអំពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៃនីតិកាលទី ៧ នៃរដ្ឋសភា ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យឯកជន, ជាពិសេស តាមរយៈការផ្តល់ការលើកទឹកចិត្ត និងការគាំពារ ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និង ឯកជន, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលកម្ពុជាកំពុងមាន។
សម្តេចមហាបវរធិបតី បានសម្តែងជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជា ក្នុងការគាំទ្រនិន្នាការពហុភាគីនិយម, សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់, និងគោលការណ៍មិនជ្រៀតជ្រែក ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃវិស័យឯកជន។
ជាទីបញ្ចប់, សម្តេចមហាបវរធិបតី បានជូនពរឱ្យដំណើរការនៃកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ និងប្រកបដោយផ្លែផ្កា។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។
កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដោយនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥។
របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម។
ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកសំខាន់ៗមួយចំនួនទៀត៕