ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំកូរ៉េខាងជើង៖អាវុធដែលគ្មានមនោគមវិជ្ជា គ្រាន់តែជាដែកអេតចាយប៉ុណ្ណោះ

98


សេអ៊ូល៖ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាកូរ៉េខាងជើងកាន់តែមានភាពរីកចម្រើនទៅមុខ នៅក្នុងការកសាងកងទ័ពដ៏ខ្លាំងកា្លមួយ ប៉ុន្តែអាវុធដែលគ្មាន មនោគមវិជ្ជាគឺប្រៀបបានទៅនឹង «ដែកអេតចាយ» តែប៉ុណ្ណោះ ជាមួយការសង្កត់ធ្ងន់ពីភាពស្មោះត្រង់ជាធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក គីម ជុងអ៊ុន ដែលធ្វើឡើងនៅឯសាកលវិទ្យាល័យនយោបាយគីមអ៊ីលស៊ុង (Kim Il Sung University of Politics) កើតមានឡើងចំពេលនៃ នយោបាយមិនច្បាស់លាស់នៅក្នុងស្រុក ស្របពេលកងទ័ពមួយចំនួនធំនៃកងទ័ពកូរ៉េខាងជើងជាង ១០ ០០០នាក់ដែលត្រូវបានបញ្ជូនឱ្យទៅជួយរុស្ស៉ីក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ត្រូវបានរាយការណ៍ថាជួបការខាតបង់ធ្ងន់ធ្ងរទាំងស្លាប់ និងរបួស។
តាមរយៈការដកស្រង់សម្ដីចេញផ្សាយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ថា «ខណៈគោលដៅរបស់កងទ័ពប្រជាជនកូរ៉េ (KPA) នោះគឺចង់ក្លាយជា កងទ័ពដ៏ខ្លាំងក្លាបំផុតក្នុងលោក កងទ័ពក៏ត្រូវផ្ដោតផងដែរលើនយោបាយ មនោគមវិជ្ជា ស្មារតី និងសីលធម៌របស់បក្ស និងប្រជាជន»។ លោក គីមបន្ថែមថាអាវុធដែលគ្មានមនោគមវិជ្ជា គ្រាន់តែជាដែកអេតចាយប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន មិនបានលើកឡើងជាពិសេសពីសហរដ្ឋអាមេរិក ឬក៏កូរ៉េខាងត្បូងនោះទេ ប៉ុន្តែបាននិយាយថាអាមេរិក និងកូរ៉េខាងត្បូងជាអ្នកទទួលខុសត្រូវលើ ការកើនឡើងភាពតានតឹងក្នុងតំបន់ ហើយបានសន្យាថានឹងចាត់វិធានការឆ្លើយតប ក្នុងនោះរួមមានទាំងប្រឹងប្រែងបន្ថែមក្នុងការផលិតអាវុធនុយក្លេអ៊ែរ បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំធ្លាប់បង្ហើបពីបំណងចង់ជួបលោក គីមសាជាថ្មី ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង