កូរ៉េខាងជើង ថាស្ពានថ្មីភ្ជាប់ទៅកាន់រុស្ស៉ី នឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
សេអ៊ូល៖កូរ៉េខាងជើង បាននិយាយថាការសាងសង់ស្ពានថ្មីមួយដែលតភ្ជាប់ជាមួយរុស្ស៉ី គឺជាការវិវត្តដ៏មានសារៈសំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំង២។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រុស្ស៉ី និងកូរ៉េខាងជើង កាលពីថ្ងៃពុធ ទី៣០ ខែមេសា បានចាប់ផ្ដើមការសាងសង់ស្ពានថ្មីមួយឆ្លងទន្លេ Tumen River។ គម្រោងសាងសង់ស្ពាននេះបានស្ថិត នៅក្នុងកិច្ចពិភាក្សាជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែបានឈានដល់ការឯកភាពគ្នា អំឡុងទស្សនកិច្ចមួយរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើងកាលពីឆ្នាំ២០២៤។ ក្នុងសេចក្ដីរាយការណ៍មួយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់ថាស្ពានថ្មីជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺវិស័យ ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។
កូរ៉េខាងជើង ត្រូវបានរាយការណ៍ថាទទួលបានផលចំណេញសេដ្ឋកិច្ច និងយោធា ជាថ្នូរទៅនឹងការបញ្ជូនអាវុធ និងកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ព្យុងយ៉ាង ក៏កំពុងស្ថិតក្នុងកិច្ចពិភាក្សាធ្វើទំនើបកម្មឧស្សាហកម្មនៅក្នុងវិស័យចំនួន១៤ផងដែរ ក្រោមការទទួលជំនួយពីរុស្ស៉ីក្នុងនោះរួមមានវិស័យលោហៈ អាកាសចរណ៍ ថាមពល ទេសចរណ៍ ជាដើម។