ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែឧសភា

23


ក្រុងមូស្គូ៖នៅថ្ងៃអាទិត្យនេះ វិមានក្រឹមឡាំងបានប្រកាសឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចមកកាន់ ប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែឧសភា ហើយចូលរួមជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងពិធីអបអរខួបទី៨០ នៃទិវាជ័យជម្នះរបស់សហភាពសូវៀតនិងសម្ព័ន្ធមិត្ត លើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥។
វិមានក្រឹមឡាំង ដែលជាការិយាល័យប្រធានាធិបតីរុស្ស៉ី បាននិយាយថា លោក ស៉ី ក៏នឹងបើកកិច្ចពិភាក្សាកំពូលទ្វេភាគីជាមួយ លោក ពូទីន ផងដែរ ហើយមេដឹកនាំទាំងពីរ ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើឯកសារទ្វេភាគីជាច្រើន។ លើកចុងក្រោយដែលលោក ស៉ី បានមកបំពេញទស្សនកិច្ចនៅរុស្ស៉ី គឺកាលពីខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកបានបន្តជាប់ជា ប្រធានាធិបតីចិន៣អាណត្តិ ដែល មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ រីឯកាលពីខែឧសភា ឆ្នាំ២០២៤ លោក ពូទីន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្រោយជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៉ី សម្រាប់អាណត្តិទី៥។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ស៉ី ជីនពីង ទៅកាន់រុស្ស៉ីនាសប្តាហ៍ក្រោយ នឹងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ របស់លោក នៅក្នុងឆ្នាំ២០២៥នេះ ក្រោយការបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងប្រចាំឆ្នាំ នៅតំបន់អាស៉ីគ្នេយ៍មកកាន់ ប្រទេសវៀតណាម ម៉ាឡេស៉ី និងកម្ពុជា កាលពីខែមេសាកន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង