ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៥

27


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអបអរសាទរដល់ ក្មួយៗ ដែលបានចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៥ ដោយទទួលបានចំណាត់ថ្នាក់លេខ១ ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី សូមកោតសរសើរ ចំពោះការចូលរួម និងសមត្ថភាពរបស់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងមានសមត្ថភាពប្រឡងទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស លើមុខវិជ្ជាសំខាន់ៗទាំងបី ដូចជា អក្សរសិល្ប៍ ខ្មែរ, គណិតវិទ្យា និងរូបវិទ្យា។ ជាមួយនេះ សូមចូលរួមអបអរសាទរ និងសប្បាយរីករាយផងដែរ ចំពោះឪពុកម្តាយ អាណាព្យាបាល ដែលកំពុងមានក្តីរំភើប និងញញឹមសាទរសមិទ្ធផលដែលក្មួយៗសម្រេចបាន ជាមួយនឹងក្តីមោទនភាព និងកិត្តិយស។
សម្តេចលើកឡើងថា ចំណេះដឹង គឺពិតមានសារសំខាន់ណាស់ សម្រាប់យើង និងសង្គមជាតិ ព្រោះជាមូលដ្ឋានគ្រឹះនៃការរីកចំរើន ក៏ដូចជាបង្ហាញអំពីគុណភាព និងធនធានមនុស្សដ៏ល្អ និងប្រសិទ្ធភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ។ 
សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្មួយៗ បន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីនឹងសម្រេចលទ្ធផលកាន់តែល្អទៅថ្ងៃមុខ ដើម្បីអាចនឹងទទួលបានអាជីពការងារ ល្អប្រសើរស្របតាមក្តីស្រមៃ ផង ហើយក៏អាចក្លាយជាចលករយ៉ាងសំខាន់សម្រាប់សង្គមជាតិយើង ក្នុងការអភិវឌ្ឍកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព៕

អត្ថបទដែលជាប់ទាក់ទង