ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានមិនមែនត្រឹមជាតួអង្គសំខាន់សម្រាប់តំបន់ទៀតទេ ពេលនេះអាស៊ានបានក្លាយជាតួអង្គសម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ពិភពលោក នៅថ្ងៃខាងមុខ

19

ឥណ្ឌូនេស៊ី៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អាស៊ានមិនមែនត្រឹមតែជាតួអង្គសំខាន់សម្រាប់តំបន់នោះឡើយ ពេលនេះអាស៊ានបានក្លាយជាតួអង្គសម្របសម្រួលសកល ហើយទៅថ្ងៃអនាគត អាស៊ាន នឹងអាចផ្លាស់ប្តូរតួនាទី ការធ្វើ ប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោកថែមទៀត។
ថ្លែងក្នុងបឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រទាញប្រទង់អំណាច បានរុញច្រាន ឱ្យមហាអំណាចមួយចំនួន ដើរប្រាស់ចាកពីវិធាននៃអភិបាលកិច្ចសកលដែលខ្លួនបានខិតខំបង្កើត ឡើង ក្រោយ សង្គ្រាមលោកលើកទី២ ដែលបាននិងកំពុងធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិ មានការរង្គោះរង្គើ ជាពិសេសយន្តការពហុភាគីនិយម ដែលផ្អែកលើច្បាប់។
ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ក្នុងកាលៈទេសៈបែបនេះ អាស៊ានពិតជា មានតួនាទីសំខាន់ របស់ខ្លួន នៅក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើវិធានការ ច្បាប់ផង និងកាន់តែ មានភាពប្រជាធិបតេយ្យ និងយុត្តិធម៌ផង, ទៅថ្ងៃអនាគតអាស៊ាន នឹងអាចផ្លាស់ប្តូរតួនាទី ការធ្វើ ប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំពិភពលោកទៅវិញ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ពេលនេះ ម៉ោងនេះយន្តការសកលកំពុងថមថយឥទ្ធិពល ទាំងមហាសន្និបាតអង្គការសហប្រជាជាតិ ទាំងតួនាទីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេស តួនាទីនៃអង្គការពាណិជ្ជកម្មពិភពលោក គឺស្ទើតែបាត់បង់ទៅហើយ ដូចនេះយន្តការតំបន់របស់យើងគឺអាស៊ាន លែងជាតួអង្គនៅក្នុងក្របខណ្ឌដោយឡែកតែតំបន់ ប៉ុន្តែត្រូវចូលរួមក្នុងការរៀប សណ្តាប់ធ្នាប់ ឡើងវិញ នៅក្នុងទិសដៅនេះ អាស៊ានអាចមានអភិក្រមពីរយ៉ាង (១) គឺយើងអាចពង្រឹងសមត្ថភាពដោយខ្លួនឯង និង(២) គឺការពង្រឹងអន្តរកម្មរបស់អាស៊ាន ជាមួយស្ថាប័នពហុភាគីដែលមានឥទ្ធិពល។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា យើងពង្រឹងខ្លួនឯងតាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងការជំរុញសមាហរណ៍កម្មកាន់តែស៊ីជម្រៅ, ការរៀបចំចក្ខុវិស័យសមាគមអាស៊ាន ឆ្នាំ២០៤៥ ដែលនឹងត្រូវ អនុម័តនូវកិច្ចប្រជុំកំពូលនាខែឧសភានាពេលឆាប់ៗនេះ ដែលជាជំហ៊ានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ ដែលចក្ខុវិស័យសមាគមអាស៊ាន ដែលមានផែនការយុទ្ធសាស្ត្រលើសសរស្តម្ភទាំង៣ នៃការពង្រឹងភាពតភ្ជាប់ ដែលបានមើលឃើញថា អាស៊ានមានការអភិវឌ្ឍជឿនលឿនក្នុងនាមជាមជ្ឈមណ្ឌលនៃកំណើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕

អត្ថបទដែលជាប់ទាក់ទង