ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ៖ បើមិនមានការគិតគូរពីការសាងសង់អាងចម្រោះទឹកកខ្វក់ទេ វានឹងបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋ

22

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើមិនមានការគិតគូរពីការសាងសង់អាងចម្រោះទឹកកខ្វក់ទេ វានឹងបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយការលើកកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ជាកិច្ចការចម្បងរបស់រាជរដ្ឋាភិបាល។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ នៅក្នុងឱកាសដែលសម្ដេចអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះ សម្ដេចបានបញ្ជាក់ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និងបរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់ សុខភាព និងសុខុមាលភាព របស់ប្រជាជន ជាពិសេសអ្នករស់នៅក្នុង និងជុំវិញក្រុងតាខ្មៅ។ ពលរដ្ឋមានសុខភាពល្អជាលាភ ជាទ្រព្យ តែពលរដ្ឋមានសុខភាពមិនល្អ គឺជាបន្ទុករបស់ក្រុមគ្រួសារនិងរដ្ឋាភិបាល។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ។
សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះថា៖ «ដីដែលយើងអង្គុយបច្ចុប្បន្ននេះជាដីវាលមួយដែលសូវមានតម្លៃប៉ុន្មានទេ អាចគិតជាការ៉េបាន ប៉ុន្តែជាតម្លៃសេដ្ឋកិច្ចនៃតម្លៃផលប្រយោជន៍សង្គមអត់សូវមានទេ។ ប៉ុន្តែក្រោយពីយើងបើកការរដ្ឋាននេះ នៅក្នុង៣៦ខែ ដីនេះនឹងក្លាយទៅជាកន្លែងចម្រោះទឹកមួយដែលជួយទៅដល់ ១ម៉ឺនខ្នងផ្ទះ ១ម៉ឺនខ្នងផ្ទះនេះ តើសុខភាពរបស់ប្រជាពលរដ្ឋរាប់សែននាក់ បច្ចុប្បន្ន១ម៉ឺនខ្នងផ្ទះ នៅក្នុង១០ឆ្នាំ អាចឡើងដល់១៥០០០ ក្នុង២០ឆ្នាំអាចឡើងដល់២ម៉ឺនផ្ទះ ដែលទីកន្លែងនេះ កន្លែងប្រព្រឹត្តកម្មទឹកកខ្វក់កន្លែងនេះ ដើម្បីជួយទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ រាប់សែននាក់នៅពេលអនាគត នេះគឺជាការប្រែប្រួលពីកន្លែងមួយដែលអត់មានគុណតម្លៃ តម្លៃប៉ុន្មានមិនមែនសូន្យទេ គឺមានបើលក់បានថ្លៃដែរ ប៉ុន្តែខ្ញុំមិនដឹងប៉ុន្មាន តែបើសិនជាយើងធ្វើកន្លែងនេះ ទៅជាកន្លែងដែលបានផលប្រយោជន៍ទៅទ្រទ្រង់នូវសុខមាលភាពរបស់ប្រជាពលរដ្ឋនេះតម្លៃមហាសាល។ ព្រោះជួយសុខភាព ជួយលើកកម្ពស់តម្លៃជុំវិញហ្នឹង បើសិនជាកន្លែងនេះប្រព័ន្ធទឹក ប្រព័ន្ធលូ ប្រព័ន្ធទឹកកខ្វក់ នៅក្រុងតាខ្មៅនេះកាន់តែរីក អញ្ចឹងក្រុងតាខ្មៅ កាន់តែត្រូវប៉ាន់ដូចគ្នា ប្រជាពលរដ្ឋក៏ចង់រស់នៅទីនេះបានច្រើនព្រោះអត់លំបាក»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា៖ «នេះគឺជាការអភិវឌ្ឍប្រទេសដែលដើរពីមួយជំហានទៅមួយជំហាន ដើរទៅលើអ្វីដែលមានចីរភាព ដើរទៅលើអ្វីដែលមានការគិតគូរច្បាស់លាស់ ហើយដើរទៅលើអ្វីដែលមានទិសដៅក្នុងការចែករំលែកផលប្រយោជន៍ទៅប្រជាពលរដ្ឋ។ អញ្ចឹងការប្រែក្លាយដី កន្លែងនេះទៅជាកន្លែងប្រព្រឹត្តកម្មទឹកស្អាត ការវិនិយោគ ៩០លានដុល្លារ ការវិនិយោគដែលរួមមានប្រព័ន្ធលូ ដែលមាន១២៥គីឡូម៉ែត្រ បូកជាមួយស្ថានីយបូមទឹកដែលមាន៧កន្លែង ដើម្បីចម្រោះហើយបានបង្ហូរចេញ។ បើសិនជាកន្លែងនីមួយៗមិនមានធ្វើបែបនេះទេ បរិស្ថានជុំវិញនឹងត្រូវបំផ្លាញ ហើយតម្លៃនៃការខាតបង់បរិស្ថាននោះក៏ធំដែរ បន្ថែមទៅលើសុខភាពប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជាអនេកចំពោះប្រជាជន និង រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ, ពិសេសលើវិស័យសំខាន់ៗ ដូចជា៖ វិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, អប់រំ, សុខាភិបាល, ការងារ និងហេដ្ឋារចនាសម្ព័ន្ធ, រួមទាំងការទទួលយកពលករកម្ពុជាជាច្រើន ទៅបម្រើការងារនៅប្រទេសកូរ៉េក្នុងលក្ខខណ្ឌល្អប្រសើរគួរជាទីទុកចិត្ត។
សម្តេចនាយករដ្ឋមន្រ្តី បានគូសរំលេចពីគុណតម្លៃនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងរយៈពេល២៨ឆ្នាំមកនេះ ដែលទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង ត្រូវបានប្រឹងប្រែងបង្កើតឡើងវិញ ដោយសម្តេចតេជោ បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជន។
ជាបញ្ចប់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ភាគីក្រុមហ៊ុន KUMHO-TECHCROSS ទទួលបន្ទុកសាងសង់, និងក្រុមហ៊ុន DOHWA-SEOYOUNG ទទួលបន្ទុកត្រួតពិនិត្យបច្ចេកទេសត្រូវយក ចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ និងការត្រួតពិនិត្យបច្ចេកទេសឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស និងប្រកបដោយគុណភាព ហើយក៏ស្នើសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់នេះផងដែរ។
សូមជម្រាបថា ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ មានតម្លៃសរុបជាង ៩០លានដុល្លារអាមេរិក ជាជំនួយឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧៕

អត្ថបទដែលជាប់ទាក់ទង