ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌាថា ៖អ្នកបើកយន្តហោះរបស់ខ្លួនទាំងអស់បានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយប៉ាគីស្ថានក្នុងសប្តាហ៍នេះ

26


ក្រុងញូវដេលី៖ កងទ័ពអាកាសឥណ្ឌា បាននិយាយកាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា ថា «ការបាត់បង់គឺជាផ្នែកមួយនៃការប្រយុទ្ធ» ប៉ុន្តែបានអះអាងថា អ្នកបើកយន្តហោះរបស់ខ្លួនទាំងអស់បានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព បន្ទាប់ពីការប្រយុទ្ធជាមួយប៉ាគីស្ថានក្នុងសប្តាហ៍នេះ។ ការថ្លែងនេះ ធ្វើឡើងចំពេលមានរបាយការណ៍ផ្សេងៗគ្នាអំពីការខាតបង់យន្តហោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥។
កាលពីថ្ងៃពុធ សប្តាហ៍មុន អ្នកនាំពាក្យយោធាប៉ាគីស្ថានបានប្រាប់ទីភ្នាក់ងារ Reuters ថា យន្តហោះឥណ្ឌាចំនួន ៥គ្រឿងត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងប៉ាគីស្ថាន។ ទោះជាយ៉ាងណា ការអះអាងនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការដោយភាគីឥណ្ឌានោះទេ។
ក្នុងថ្ងៃពុធដដែលនោះដែរ ប្រភពរដ្ឋាភិបាលចំនួនបួននៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា បានប្រាប់ទីភ្នាក់ងារ Reuters ថា យន្តហោះចម្បាំងឥណ្ឌាចំនួន ៣គ្រឿងបានធ្លាក់នៅក្នុងទឹកដីឥណ្ឌា ប៉ុន្មានម៉ោងបន្ទាប់ពីឥណ្ឌាបានប្រកាសថា ខ្លួនបានវាយប្រហារទីតាំង «ហេដ្ឋារចនាសម្ព័ន្ធភេរវករ» ចំនួនប្រាំបួនកន្លែងឆ្លងព្រំដែនចូលទៅក្នុងប្រទេសប៉ាគីស្ថាន។
ការប្រឈមមុខដាក់គ្នាទាំងនេះ បានកើតឡើងបន្ទាប់ពីឥណ្ឌាបានបើកការវាយប្រហារតាមអាកាសក្នុងទឹកដីប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងការវាយប្រហារនៅតំបន់កាស្មៀរដែលឥណ្ឌាចោទថាជាស្នាដៃរបស់ក្រុមមានមូលដ្ឋាននៅប៉ាគីស្ថាន ដែលបានសម្លាប់អ្នកទេសចរណ៍ហិណ្ឌូជាច្រើននាក់កាលពីខែមុន។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឥណ្ឌា ដែលថាអ្នកបើកយន្តហោះទាំងអស់បានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពនេះ អាចមិនផ្ទុយទាំងស្រុងពីរបាយការណ៍យន្តហោះធ្លាក់ក្នុងទឹកដីខ្លួន ប្រសិនបើពីឡុតទាំងនោះបានលោតឆ័ត្រយោងដោយសុវត្ថិភាព។ ទោះយ៉ាងណា ភាពមិនច្បាស់លាស់ជុំវិញការខាតបង់ពិតប្រាកដ នៅតែបន្តកើតមានចំពេលភាពតានតឹងខ្ពស់រវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង