ឯកឧត្តម វ៉ាង វិនពីន ៖ប្រទេសចិន គាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា នឹងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ
ភ្នំពេញ៖ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន គាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា ហើយចិនក៏និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។បន្ថែមពីនេះចិនក៏និងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរណ៍ចិន មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី១៣ឧសភា២០២៥នេះ ខណៈឯកឧត្តម អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពញ។
ក្នុងឱកាសនោះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងពីប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ និងស្ថានភាពបច្ចុប្បន្នដែលរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយអ្វីដែលសំខាន់នោះគឺកម្ពុជាមានសន្តិភាពពេញលេញ។ ក្រោមការចង្អុលណែនាំពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឲ្យមានផ្លូវថ្មើជើង (Walk Street) ហើយផ្លូវនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិជាមួយនឹងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសារផងដែរ។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ ប្រទេសកម្ពុជាទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីមិត្តចិន ដោយរាជធានីភ្នំពេញបានស្ថាបនាផ្លូវខ្សែក្រវ៉ាត់ទី៣របស់រាជធានីភ្នំពេញ ដែលជាជំនួយរបស់មហាមិត្តចិន។ យើងប្រសិទ្ធនាមជាមហាវិថី ស៊ី ជីងពីង។ ផ្លូវខ្សែក្រវ៉ាត់ទីក្រុងទី៣នេះ កាត់បន្ថយបាននូវការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែរថយន្តមួយចំនួនត្រូវបានវៀងទៅលើកំណត់ផ្លូវមួយខ្សែនេះ។ចំណែកថ្នាក់ជាតិវិញ មិត្តចិនក៏បានជួយយ៉ាងច្រើនផងដែរ ជាក់ស្តែងដូចជាគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោជាដើម។កម្ពុជាបានប្រកាន់ភ្ជាប់នៅគោលនយោបាយចិនតែមួយ ជាទំនាក់ទំនងដែកថែប តាមរយៈទំនាក់ទំនងដ៏ល្អនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ចិន ដើម្បីជួយគ្នាទៅវិញទៅមក ដកស្រង់បទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យមានការអភិវឌ្ឍរីកចម្រើន។ ចំពោះការងារសន្តិសុខសុវត្ថិភាព នៅរាជធានីភ្នំពេញយើងរក្សាបាននូវសន្តិសុខវត្ថិភាពយ៉ាងល្អ មិនថា កិច្ចការពារសន្តិសុខជូនពលរដ្ឋចិនក៏ដូចជាស្ថានទូតចិននោះទេ។
ឯកឧត្ដម ឃួង ស្រេងបានបន្តទៀតថា៖ចិនគឺជាមិត្តល្អមានទំនាក់ទំនងល្អ នៅពេលដែលកម្ពុជាមានបញ្ហាអ្វីមួយចិនតែងតែជួយកម្ពុជាជានិច្ច ជាក់ស្ដែងនៅក្នុងអំឡុង covid-19 ចិនបានជួយបាក់សាំងមកកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។
ឯកឧត្ដម ឃួង ស្រេងបានបន្តថា៖ ឆ្នាំនេះជាឆ្នាំទេសចរណ៍ ឯកឧត្ដមសូមឲ្យចិនជួយផ្សព្វផ្សាយពីកម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទេសចរណ៍នៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin)
បានក្នុងឱកាសនោះ បានថ្លែងនូវការអរគុណចំពោះការយកចិត្តទុកដាក់មើលថែ ប្រជាពលរចិនដែលបានមករកស៊ីនិងបំពេញការងារនៅភ្នំពេញ ពិសេសនោះ គឺរក្សាបាននៅសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ សំរាប់ទីតាំងស្ថានទូតចិនប្រចាំនៅកម្ពុជា ពិសេសថែមទៀតនោះ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរភ្នំពេញបានរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អបំផុត នៅពេលដែលប្រធានាធិបតីចិន ឯកឧត្ដមស៊ី ជីនពីង មកបំពេញទស្សនៈកិច្ចនៅកម្ពុជា។សកម្មភាពនៃការយកចិត្តទុកដាក់ពីសំណាក់កងកម្លាំងនិងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលប្រធានាធិបតីចិនគឺពិតជាបានបង្ហាញឲ្យឃើញ ពីទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងមិនធម្មតា តែជាទំនាក់ទំនងពិសេស។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ ឯកឧត្ដមចង់បង្កើតឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតទៅលើវិស័យកសិកម្ម ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ជនជាតិចិនឲ្យមកទេសចរណ៍នៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានបញ្ជាក់ថា៖ ប្រទេសចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជាជានិច្ច។ ចិននិងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ឯកឧត្ដមក៏បានអរគុណផងដែរចំពោះកម្ពុជាដែលបានប្រកាន់ភ្ជាប់នៅគោលនយោបាយចិនតែមួយ. ហើយឆ្នាំនេះគឺជាឆ្នាំទី៦៧នៃទំនាក់ទំនងការទូតចិននិងកម្ពុជា៕