ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអាមេរិកលោក ត្រាំ ថាអាចនឹងទៅចូលរួមកិច្ចចរចារុស្ស៉ី-អ៊ុយក្រែនដែលអាចនឹងកើតឡើង នៅតួកគីយ៉េ

19

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក

ដូណាល់ត្រាំ កាលពីថ្ងៃចន្ទ ទី១២ ខែឧសភា បាននិយាយថារូបលោកអាចនឹងទៅចូលរួមក្នុងកិច្ចចរចាសន្តិភាពដែលអាចនឹងកើតឡើងរវាងរុស្ស៉ី និងអ៊ុយក្រែន នៅប្រទេសតួកគីយ៉េ នៅក្នុងសប្ដាហ៍នេះ ខណៈបណ្ដាប្រទេសអឺរ៉ុបកំពុងដាក់សម្ពាធជាមួយការគំរាមដាក់ទណ្ឌកម្មថ្មីដើម្បីឱ្យរុស្ស៉ីទទួលយកសំណើបទឈប់បាញ់៣០ថ្ងៃ របស់ពួកគេនៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការលើកឡើងបែបនេះរបស់លោក ត្រាំ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារូបលោកអាចនឹងធ្វើដំណើរទៅកាន់ ទីក្រុងអ៉ីស្តង់ប៊ូល ជាទីដែលលោកនិយាយថានឹងរង់ចាំជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំបាននិយាយថាកិច្ចចរចា ក្នុងទីក្រុងអ៉ីស្ដង់ប៊ូលអាចនឹងក្លាយជាក្ដីសង្ឃឹម ហើយរូបលោកអាចនឹងចូលរួមជាមួយរុស្ស៉ី និងអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា អំឡុងរូបលោកបំពេញទស្សនកិច្ចទៅកាន់ តំបន់មជ្ឈិមបូព៌ា។ លោក ត្រាំ គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតានៅក្នុងសប្ដាហ៍នេះ។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអង្គារ លោក ហ្សេលេនស្គី បាននិយាយថាការវាយប្រហាររបស់រុស្ស៉ីនៅតែបន្តកើតមាននៅតំបន់សមរភូមិមុខ ហើយទីក្រុងមូស្គូនៅតែមិនទាន់ផ្ដល់ ចម្លើយតបទៅនឹងសំណើរបស់លោកដើម្បីជួបលោក ពូទីន នៅក្នុងប្រទេសតួកគីយ៉េនៅសប្ដាហ៍នេះនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង