លោក Modi ប្ដេជ្ញាថានឹងសងសឹកឱ្យចាស់ដៃ បើមានការវាយប្រហារភេរវកម្មប្រឆាំងឥណ្ឌា សាជាថ្មី
ញូវដែលី៖នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃចន្ទ ទី១២ ខែឧសភា បានប្ដេថានឹងធ្វើការឆ្លើយតបឱ្យបានខ្លាំងក្លាបំផុត ចំពោះការវាយប្រហារភេរវកម្មណាមួយ នៅពេលអនាគត និងបានព្រមានថាទីក្រុងញូវដែលីនឹងមិនអត់ឱនចំពោះការសម្លុតគំរាមនុយក្លេអ៊ែរ ក្នុងករណីមានជម្លោះជាថ្មីជាមួយប៉ាគីស្ថាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បទឈប់បាញ់កាលពីចុងសប្ដាហ៍កន្លងទៅ ដែលត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាត្រូវបានភាគីទាំងសងខាងអនុវត្តតាមកាលពីថ្ងៃចន្ទ បន្ទាប់ពី ការវាយប្រហារដាក់គ្នាទៅវិញទៅមកដោយមានទាំងការប្រើយន្ដហោះចម្បាំង បាញ់មីស៊ីល ដ្រូន និងកំាភ្លើងអស់រយៈពេល៤ថ្ងៃ ដែលនេះជាអំពើហិង្សដ៏អាក្រក់បំផុតមួយរវាងប្រទេសជិតខាង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ ចាប់តាំងពីឆ្នាំ១៩៩៩មក។
លោក ត្រាំ កាលពីថ្ងៃចន្ទបាននិយាយថាការធ្វើអន្តរាគមរបស់សហរដ្ឋអាមេរិកបានបញ្ចៀសកុំឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។ «យើងបានទប់ស្កាត់កុំឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង … ដែល មនុស្សរាប់លាននាក់អាចនឹងត្រូវបានសម្លាប់។ ដូច្នេះខ្ញុំពិតជាមានមោទនភាពចំពោះលទ្ធផលនេះ»។ នេះជាការលើកឡើងរបស់លោក ត្រាំប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន។
លោក Narendra Modi វិញ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជនឥណ្ឌា ជាលើកដំបូងចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃពុធសប្ដាហ៍មុន បាននិយាយថាប៉ាគីស្ថាន បានជ្រើសរើសយកការវាយប្រហារជាជាងជួយប្រយុទ្ធប្រឆាំងនឹងពួកភេរវករ។ លោក Modi បានបន្ថែមទៀតថា «ប្រសិនបើមានការវាយប្រហារភេរវកម្មសាជាថ្មីប្រឆាំងនឹងឥណ្ឌា នោះការឆ្លើយតបវិញយ៉ាងខ្លាំងក្លានឹងត្រូវធ្វើឡើង»។
គួរបញ្ជាក់ថា ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានបានកើតឡើងក្រោយការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា នៅក្នុងតំបន់កាស្មៀរផ្នែកគ្រប់គ្រងដោយឥណ្ឌា ដែលបានសម្លាប់មនុស្ស ២៦នាក់។ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាជាអ្នកគាំទ្រការវាយប្រហារនេះ តែប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់បែបនេះ៕