នគរបាលស័ក្ដ៥ម្នាក់បេីករថយន្ត LEXUS 400h បុករះអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិតខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា២គ្រឿង ,រថយន្តព្រុស១គ្រឿង រងរបួសមួយចំនួនផ្សេងទៀត
ភ្នំពេញ៖នគរបាលស័ក្ដ៥ម្នាក់បេីករថយន្ត LEXUS 400h ស្លាកលេខភ្នំពេញ2AQ-2188 បុករះយានយន្តពេញផ្លូវ ទៅផ្ទប់ដេីមឈេី បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិត និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និងរថយន្តព្រុស១គ្រឿង និងអ្នករងរបួសផ្សេងទៀត នៅផ្លូវព្រះនរោត្តម ពីមុខអតីតសណ្ឋាគារតាយម៉េង រហូតដល់មុខក្រសួងមហាផ្ទៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ ភ្លាមៗតៃកុងរថយន្តសង្ស័យស្រវឹងទាំងថ្ងៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នាំទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។
អ្នកបេីកបររថយន្តបង្ករគឺជាលោកវរសេនីយ៍ឯក ហ៊ុន ហេង ប្រធានការិយាល័យភស្តុភា និងហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយនៅវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ មានមន្ត្រីនគរបាលម្នាក់បើករថយន្តម៉ាកLexus 400h ពាក់ស្លាកលេខភ្នំពេញ 2AQ-2188 តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងទិសដៅពីស្ពានក្បាលថ្នល់ មកក្រសួងមហាផ្ទៃ ក្នុងល្បឿនលឿន បានជ្រុលទៅបុករះ កង់បីឥណ្ឌា ០៤គ្រឿង ម៉ូតូ០១គ្រឿង ព្រមទាំងរថយន្តមួយគ្រឿង និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរងរបួសមួយចំនួនផ្សេងទៀត។
ប្រភពបានបន្តទៀតថា បើតាមសភាពមន្ត្រីនគរបាលរូបនេះស្រវឹងស្រាជោគជាំ ហើយបើកបរ ក្នុងស្ថានភាពស្រវឹង ក៏បណ្តាលឱ្យកើតហេុតកាណ៍បែបនេះ។
មហាជនរង់ចាំមើលចំណាច់ការច្បាប់មកលើមន្ត្រីនគរបាលខាងលើនោះ យ៉ាងណាគាត់ជាមន្ត្រីអនុវត្តច្បាប់ មិនគោរពច្បាប់ បំពានច្បាប់បើកបរក្នុងស្ថានភាពស្រវឹង ឈានដល់បង្ករហេតុគួរឱសង្វេគបែបនេះ ។បច្ចប្បន្នសមត្ថកិច្ចក៏សាងសំណុំរឿង ដើម្បីសាកសួរបន្ត ៕