ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្វាគមន៌ប្រតិភូមន្ត្រីជាន់ខ្ពស់មុខងារសាធារណៈអាស៊ានមកកាន់ព្រះរាជាណាចក្រកម្ពុជា

17

ភ្នំពេញ៖ឆ្នាំ២០២៤ – ២០២៦ កម្ពុជាគឺជាប្រធាន កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈបូក៣ លើកទី៨ (8th ACCSM+3)។
នាថ្ងៃទី១៩ឧសភា២០២៥ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្មន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ដើម្បីរៀបចំការងារជាច្រើនក្នុងភាពជាប្រធាន និងការរៀបចំឆ្ពោះទៅកាន់កិច្ចប្រជុំ ACCSM កម្រិតប្រមុខមុខងារសាធារណៈអាស៊ាន និងកិច្ចប្រជុំACCSM+3 ក្នុងឆ្នាំ២០២៦ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។ ឯកឧត្ដមឧបនាយកបានចែករំលែកដំណើរវិវឌ្ឍន៍នៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ចាប់ពីដំណាក់កាលនៃការបំផ្លិចបំផ្លាញទាំងស្រុងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ និងការខិតខំស្តាររដ្ឋបាលសាធារណៈ ក្រោយថ្ងៃ៧ មករា ១៩៧៩។ ក្នុងដំណាក់កាលជាបន្តបន្ទាប់ ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា បានរួមចំណែកជាផ្នែកមួយដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា តាមរយៈការធ្វើសមាហរណកម្មកម្លាំងនយោបាយក្នុងអំឡុងឆ្នាំ១៩៩៣ និងជាផ្នែកមួយនៃការស្វែងរកសុខសន្តិភាព ការបង្រួមបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។
កម្ពុជាបានបន្តលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធរដ្ឋបាលសាធារណៈ និងការផ្តល់សេវាសាធារណៈជូនប្រជាជនកាន់តែប្រសើរតាមរយៈការកែទម្រង់ជាបន្តបន្ទាប់។ កិច្ចការដែលបានធ្វើជាបន្តបន្ទាប់ ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការងារដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់គោលដៅអាទិភាពក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាលក្ខណៈប្រព័ន្ធអភិបាលកិច្ចឯកភាព (Whole Government Approach)។ កិច្ចការងារនេះ ក្រសួងមុខងារសាធារណៈ បាន និងកំពុងអនុវត្តវិធានការគន្លឹះចំនួន៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈយ៉ាងសស្រាក់សស្រាំ។​
កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាទាំងអស់នេះ បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ជាមូលដ្ឋានដល់ការកែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈកម្ពុជា ឆ្ពោះទៅការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងចូលរួមចំណែកក្នុងការសម្រេចបានចក្ខុវិស័យរបស់សហគមន៍អាស៊ាន។
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្មន្ត្រីក្រសួងមុខងារសាធារណៈថ្លែងក្នុងនាមជាមន្ត្រីរាជការស៊ីវិល ដែលជាឆ្អឹងខ្នងរបស់វិស័យមុខងារសាធារណៈ យើងពិតជាមានទំនួលខុសត្រូវ និងគណនេយ្យភាពខ្ពស់សម្រាប់ប្រទេសជាតិ និងប្រជាជន។ នៅខណៈដែលពិភពលោកកំពុងឆ្លងកាត់ស្ថានភាពមិនប្រាកដប្រជាឯកឧត្ដមជឿជាក់យ៉ាងមុតមាំថា សាមគ្គីភាពរបស់យើង នឹងផ្តល់ជាបរិយាកាសអំណោយផល ក្នុងការជំរុញនវានុវត្តន៍ ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានយើង ផ្អែកលើកិច្ចខិតខំប្រឹងប្រែងរួម កិច្ចសហប្រតិបត្តិការរួម និងស្មារតីរួម៕

អត្ថបទដែលជាប់ទាក់ទង