ឧបនាយករដ្ឋមន្ត្រីប្រចាំការ អំពាវនាវឱ្យអ្នកវិនិយោគទុន និងភ្ញៀវទេសចរចិនអញ្ជើញមកកាន់តែច្រើនទស្សនាកម្ពុជា ប្រកបភាពកក់ក្តៅ និងសុខសុវត្ថិភាព
ភ្នំពេញ៖ឯកឧត្ដមវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ដ្រី បានថ្លែងអំពាវនាវឲ្យមានតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ចិន ឲ្យកាន់តែច្រើនថែមទៀត និងបានអំពាវនាវឱ្យអ្នកវិនិយោគទុន និងភ្ញៀវទេសចរចិនអញ្ជើញមកទស្សនាកម្ពុជា ប្រកបភាពកក់ក្តៅ និងសុខសុវត្ថិភាព។
ឯកឧត្ដមវង្សី វិស្សុត បានថ្លែងអំពាវនាវដូចនេះនាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នាឱកាសដែលលោកតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស «សម្រស់កម្ពុជា-ជាំងស៊ូ» នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្ដមហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍, លោក ស៊ូ ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន, លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន, តំណាងអង្គទូតនៃប្រទេសជាមិត្ត ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។
បន្ថែមពីនេះឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ទៀតថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលអ្នកវិនិយោគទុនចិន និងភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា តាមរយៈពង្រឹង កាអនុវត្តស្តង់ដារគុណភាព ផលិតផល សេវាកម្មទេសចរណ៍ល្អ បង្កើនការផ្តល់បទពិសោធន៍ល្អសម្រាប់ការចងចាំនៃភ្ញៀវទេសចរ ការដាក់ដំណើរការបំពេញឯកសារឆ្លងដែន e-Arrival បញ្ចុះថ្លៃទិដ្ឋាការស្នាក់នៅ e-Visa កសម្រួលការធ្វើដំណើរនៅតាមច្រកទ្វារអន្តរជាតិ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ និងការផ្សព្វផ្សាយនានា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបង្ហាញក្តីរំពឹងថាតាមរយៈពិធីបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» កម្ពុជានឹងទទួលបានអ្នកវិនិយោគ និងភ្ញៀវទេសចរចិនកាន់តែច្រើន មកទស្សនាកម្ពុជា។
នាឱកាសនោះឯកឧត្ដមហួត ហាក់ បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈការរៀបចំព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា និងចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នាពេលនេះ នឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវ វប្បធម៌ អរិយធម៌ ប្រពៃណី ម្ហូបអាហារ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសយើងទាំងពីរ ដែលនឹងចូលរួមដល់ ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នា ទៅវិញទៅមករវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ។
បន្ថែមពីនេះឯកឧត្ដមហួត ហាក់ ក៏បានសូមស្នើឱ្យស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បន្តគាំទ្រ និងចូលរួមក្នុងសកម្មភាពនានា និងសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នា ផ្សេងទៀត ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសចិន, ក្នុងនាមជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្ដមនឹងផ្តល់ការសម្របសម្រួលឱ្យអស់លទ្ធភាពក្នុងការសហការរៀបចំព្រឹត្តិការណ៍នានារួមគ្នាជាបន្តទៀត៕