ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី៖ កម្ពុជា-អូទ្រីស មានវិស័យសក្ដានុពលជាច្រើន ដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា

128

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅកាន់ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីសថា ប្រទេសកម្ពុជា និងប្រទេសអូទ្រីស មានវិស័យសក្ដានុពលជាច្រើន ដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ។

ការថ្លែងបញ្ជាក់ប្រាប់ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុពេលអនុញ្ញាតឱ្យ លោក Sepp Schellhorn ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងជំនួបនេះ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូទ្រីស​ ដែលបានចូលរួមចំណែក និងគាំទ្រសកម្មភាពបោសសម្អាតមីន, ការបណ្ដុះបណ្ដាលធនធានមនុស្ស និងដំណើរការអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។

សម្ដេចធិបតី​ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ មានវិស័យសក្ដានុពលជាច្រើន ដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយបានជំរុញឱ្យក្រសួងការបរទេស នៃប្រទេសទាំងពីរ បន្តពិភាក្សាបន្ថែមទៀត ដើម្បីឱ្យយន្តការនេះ បានចេញជារូបរាងក្នុងពេលឆាប់ៗ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិស័យ នៃកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម Sepp Schellhorn បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្នុងនោះ, ឯកឧត្តមរដ្ឋលេខាធិការ​ បានបង្ហាញនូវការស្វាគមន៍ ចំពោះអ្នកការទូតវ័យក្មេងកម្ពុជា មកសិក្សាជំនាញការទូត នៅបណ្ឌិត្យសភាការទូត ទីក្រុងវីយែន ប្រទេសអូទ្រីស។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានស្នើកម្ពុជា គាំទ្របេក្ខភាពរបស់អូទ្រីស ជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២៧-២០២៨។

សម្ដេចធិបតី និងឯកឧត្តមរដ្ឋលេខាធិការ បានបន្តពិភាក្សាអំពីការប្រយុទ្ធប្រឆាំង ការប្រែប្រួលអាកាសធាតុ។ សម្ដេចធិបតី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ជាមួយវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីធានានូវចីរភាពបរិស្ថាន,  អន្តរកាលថាមពល ជាពិសេសការជំរុញការប្រើប្រាស់ ថាមពលកកើតឡើងវិញនៅកម្ពុជា ដែលបច្ចុប្បន្ន សម្រេចបាន ៦២% និងគ្រោងសម្រេចឱ្យបាន៧០% នៅឆ្នាំ២០៣០៕

អត្ថបទដែលជាប់ទាក់ទង