មេដឹកនាំកំពូលអ៉ីរ៉ង់ គំរាមថានឹងសងសឹកអ៉ីស្រាអែលវិញឱ្យចាស់ដៃ
តេហេរ៉ង់៖មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានគំរាមថាអ៉ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់ នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ក្នុងនោះរួមមានទាំងរដ្ឋធានីតេហេរ៉ង់ និងទីតាំងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Ali Khamenei បានគូសបញ្ជាក់ដូច្នេះថា «ដោយប្រព្រឹត្តបទឧក្រិដ្ឋមួយនេះ របប Zionist (អ៉ីស្រាអែល) បាននឹងបានភ្លក្សការឈឺចាប់ និងផលវិបាកយ៉ាងធ្ងន់ធ្ងរ»។
គួរបញ្ជាក់ថា អ៉ីស្រាអែល នៅថ្ងៃសុក្រនេះ បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ រោងចក្រមីស៊ីលបាលិស្ទីគ និងមេបញ្ជាការយោធា រួមទាំងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ផងដែរ។ តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ លោក Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ក្នុងរដ្ឋធានីតេហេរ៉ង់ ខណៈជនស៊ីវិលជាច្រើននាក់ក្នុងនោះរួមមានទាំងកុមារ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើតំបន់ទីប្រជុំមួយក្នុងរដ្ឋធានីតេហេរ៉ង់៕