អ៉ីរ៉ង់ចាប់ផ្តើមតដៃលើអ៉ីស្រាអែលវិញ ដោយប្រើប្រាស់យន្តហោះដ្រូនជាង១០០គ្រឿង
ហ៊្សេរុយសាឡិម៖ យោធាអ៉ីស្រាអែលបានឱ្យដឹងថា យន្តហោះដ្រូនប្រហែលជាង១០០គ្រឿង ត្រូវបានបង្ហោះចេញពីប្រទេសអ៉ីរ៉ង់ ឆ្ពោះមកកាន់អ៉ីស្រាអែល បន្ទាប់ពីអ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥។
យន្តហោះដ្រូនទាំងនោះ ដែលបញ្ជូនមកពីអ៉ីរ៉ង់ត្រូវបានរំពឹងថា នឹងមកដល់អ៉ីស្រាអែល ក្នុងពេលប៉ុន្មានម៉ោងទៀត ខណៈកងទ័ពអ៉ីស្រាអែល កំពុងត្រៀមលក្ខណៈដើម្បីបាញ់ស្ទាក់។ ជាធម្មតាយន្តហោះដ្រូនបាញ់ចេញពីប្រទេសអ៉ីរ៉ង់ ត្រូវប្រើពេលរហូតដល់៧ម៉ោងឯណោះ ទើបមកដល់ប្រទេសអ៉ីស្រាអែល។
គួរបញ្ជាក់ថា អ៉ីស្រាអែល នៅថ្ងៃសុក្រនេះ បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ លើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ រោងចក្រមីស៊ីលបាលិស្ទីគ និងមេបញ្ជាការយោធា រួមទាំងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ផងដែរ។ តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ លោក Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើ ទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងរដ្ឋធានីតេហេរ៉ង់ ខណៈជនស៊ីវិលជាច្រើននាក់ ក្នុងនោះរួមមានទាំងកុមារ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើតំបន់ទីប្រជុំមួយក្នុងរដ្ឋធានីតេហេរ៉ង់។
យ៉ាងណាមិញ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei មានសុវត្ថិភាពធម្មតា ហើយបានគំរាមថា អ៉ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់៕