កម្ពុជានឹងបិទនាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃគ្រប់ច្រកព្រំដែនទាំងអស់ បើសិនយោធាថៃ មិនបើកច្រកប្រក្រតីឡើងវិញ
ភ្នំពេញ៖តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានព្រមានបិទច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ ចាប់ពីស្អែកនេះតទៅ ដោយហាមលើការនាំចូលបន្លែ ផ្លែឈើ ចូលមកកម្ពុជា បើសិនជាភាគីថៃ មិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញ ដូចមុនពេលមានជម្លោះព្រំដែន ដើម្បីជាការឆ្លើយតបទៅវិធានការគន្លើនមិនគោរពច្បាប់របស់ថៃ ប៉ុន្តែ ដោយ សារ មានកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្រ្តីថៃ ទើបសម្រេចពន្យាពេល ២៤ម៉ោង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរំលោភលើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ទៅលើបញ្ហាច្រកព្រំដែនដែលបានព្រមព្រៀងគ្នា តែនៅពេលបិទព្រំដែន គឺភាគីថៃ បិទខ្លួនឯងតែពេលចង់បើកមកបបួលភាគីខ្មែរ ចរចាដើម្បីកុំឱ្យបាក់មុខខ្លួន ក្នុងចេតនាទាញកម្ពុជាឱ្យបាក់មុខជាមួយ។ សូមឱ្យច្បាស់ថាកម្ពុជា ជាប្រទេសដែលមានកិត្តិយស មានសេចក្តីថ្លែ ហើយចេះទទួលខុសត្រូវសង្ឃឹមថាភាគីថៃ នឹងត្រូវចេះទទួលខុសត្រូវករណីខ្លួនបានប្រព្រឹត្ត តែមកដាក់លក្ខខណ្ឌចរចាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបើកព្រំដែន រឿងនេះកម្ពុជាអត់ទទួលយកបាននោះទេ។
សម្តេចតេជោ ហ៊ុន សែន សូមបងប្អូនប្រជាជនថៃកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូង (ខេត្តបាត់ដំបង) ដែលហាមឃាត់នូវការដឹកផ្លែឈើ និងបន្លែ ដែលក្នុងមួយថ្ងៃៗរាប់រយឡាន ដឹកចូលមកកម្ពុជា និងឆ្លងកាត់ទៅវៀតណាម គួរទៅតវ៉ាជាមួយកងទ័ពថៃដែលបិទព្រំដែនឯកតោភាគី។ «ពលរដ្ឋថៃត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯង ព្រោះទាហានថៃជាអ្នកបិទ មិនមែនខ្មែរជាអ្នកបិទទេ។ ចឹងសូមបងប្អូនថៃកុំខឹងសប្បារជាមួយកម្ពុជា ព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ»។
សម្តេចតេជោ ហ៊ុន សែន បានព្រមានយ៉ាងដូច្នេះថា៖ «ឥឡូវនេះ បើកុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែ ផ្លែឈើចូលកម្ពុជា ប៉ុន្តែ ដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីថៃ និងរវាងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្ត្រីថៃ យើងពន្យារពេល២៤ម៉ោង ប៉ុន្តែ បើថ្ងៃនេះភាគីថៃ មិនព្រមបើកច្រកឱ្យដូចដើមវិញទេ ថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែន ដោយហាមឃាត់នូវការនាំចូលផ្លែឈើ និងហាមឃាត់នូវការនាំចូលបន្លែចូលមកកាន់កម្ពុជា»។
ជាមួយនឹងការត្រៀមបិទនេះ សម្តេចតេជោ ក៏បានណែនាំស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអ្នកមានធនធាន សប្បុរជន ត្រូវខិតខំប្រមូលទិញកសិកផលខ្មែរ បន្លែ ផ្លែឈើ យកទៅចែកជូនកងទ័ពនៅតាមទល់ដែន ឬជូនមណ្ឌលកុមារកំព្រា កន្លែងហ្វឹកហាត់ទាហាន និងហ្វឹកហាត់នគរបាល៕