លោក ត្រាំ ប្រាប់ឱ្យអ៉ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ហើយថាបើចង់សម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់គឺស្រួលដូចបកចេក
ហ្ស៊េរុយសាឡិម៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យអ៉ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ជាមួយការព្រមានថាការអត់ធ្មត់របស់សហរដ្ឋអាមេរិក កំពុងថយចុះជាលំដាប់ ខណៈសង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់នៅតែបន្តពុះកញ្រ្ជោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា បានបង្កឱ្យមានការសង្ស័យថាអាមេរិក អាចនឹងចាត់វិធានការក្ដៅប្រឆាំងអ៉ីរ៉ង់ ស្របពេលលោក ត្រាំ កំពុងពិចារណាថាត្រូវចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធារបស់អ៉ីស្រាអែលដើម្បីកម្ទេចកម្មវិធីនុយក្លេអ៊ែរ របស់អ៉ីរ៉ង់ ឬក៏យ៉ាងណា។ លោក ត្រាំ បានគូសបញ្ជាក់ថា «យើងបានដឹងយ៉ាងច្បាស់ថាតើមេដឹកនាំកំពូលអ៉ីរ៉ង់កំពុងសម្ងំលាក់ខ្លួននៅទីណា ហើយបើយើងចង់សម្លាប់គាត់ជារឿងងាយស្រួលបំផុត។ តែក្នុងពេលនេះ យើងនឹងមិនសម្លាប់គាត់នោះទេ។ ការអត់ធ្មត់របស់យើងកំពុងថយចុះ»។ ៣នាទីក្រោយការបង្ហោះសារនេះ លោក ត្រាំ បានបង្ហោះ សារមួយថ្មីទៀតដោយប្រាប់ឱ្យអ៉ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ។
គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានព្យាករថាអ៉ីស្រាអែលនឹងមិនបន្ធូរដៃក្នុងការវាយប្រហារលើអ៉ីរ៉ង់នោះទេ។ ប៉ុន្តែ លោកក៏បានលើកឡើង ដែរថាលោកអាចនឹងបញ្ជូនបេសកជនអាមេរិកទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Steve Witkoff ឬក៏អនុប្រធានាធិបតីអាមេរិក លោក JD Vance ទៅជួបក្រុមមន្ត្រីអ៉ីរ៉ង់។ ព្រមពេលជាមួយគ្នា មន្ត្រីអាមេរិក៣នាក់បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាសហរដ្ឋអាមេរិកបញ្ជូនយន្ដហោះចម្បាំងបន្ថែមទៅកាន់មជ្ឈិមបូព៌ា ក្រោយ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth និយាយថាយោធាអាមេរិកកំពុងប្រុងជើងការការពារខ្លួន៕