នៅថ្ងៃ២៨មិថុនាបិទការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ចាប់ពីម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី
ភ្នំពេញ៖នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៥នេះអាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញនឹងបិទការធ្វើចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញវិមាន៧មករាដើម្បីរៀបចំប្រារព្ធពិធី មីទ្ទិញអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធី មីទ្ទិញអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៦:៣០នាទី នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ដើម្បីឱ្យការប្រារព្ធពិធីមីទ្ទិញខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីវេលាម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី៕

