ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កើត ឆែ ៖ការអនុវត្តថវិកាកម្មវិធី ត្រូវផ្សារភ្ជាប់នឹងលទ្ធផលសម្រេចបាន«ចាយ ឱ្យចំគោលដៅ, ចាយឱ្យទទួលបានលទ្ធផល»

69

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឋានៈជាអង្គភាពថវិកា បាន និងកំពុងអនុវត្តនូវ «ថវិកាកម្មវិធី» ដែលត្រូវបានរៀបចំឡើង ដោយផ្អែកលើកម្មវិធី ច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន ដែលមានចែងនៅក្នុង វិស័យនីមួយៗ។ ថវិកាកម្មវិធី គឺត្រូវផ្សារភ្ជាប់ទៅនឹងលទ្ធផល ឬសមិទ្ធកម្ម (ផលដែលសម្រេចបាន) ឬនិយាយ ម៉្យាងទៀត «ចាយ ឱ្យចំគោលដៅ, ចាយឱ្យទទួលបានលទ្ធផល»។

  នេះជាប្រសាសន៍លើឡើងរបស់ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម សាវឿន សុកុល អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិអញ្ជើញក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៦-២០២៨ ការរៀបចំ គម្រោងថវិកាឆ្នាំ២០២៦ និងការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយ

ថវិការសេវាសង្គម និងអនាម័យបរិស្ថាននាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះនៅសាលារាជធានីភ្នំពេញ។

  ឯកឧត្តម កើត ឆែ បានបន្តថា៖ វគ្គបណ្តុះបណ្តាល

នេះធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពចំណេះដឹងពាក់ព័ន្ធ នឹងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅពង្រឹងសមត្ថភាពដល់មន្ត្រីទទួល បន្ទុកការងារហិរញ្ញវត្ថុ នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ពាក់ព័ន្ធនឹងនីតិវិធីហិរញ្ញវត្ថុ។

  ឯកឧត្ដមបន្តថា «វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជាទៀងទាត់ នៅក្នុងដំណើរការនៃការរៀបចំផែនការថវិកា សម្រាប់ឆ្នាំបន្ទាប់ N+1 ស្របតាមអភិក្រមដូចមានកំណត់ក្នុងសារាចរណែនាំ លេខ ០១១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្ត ឆ្នាំ២០២៦- ២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦។

  ឯកឧត្ដមបន្តថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយដ៏សំខាន់ នៃការ អនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅធានានូវការគ្រប់គ្រង និងចាត់ចែងថវិកា ឱ្យចំទិសដៅ និង ទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និង ដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក ជាដំណាក់កាលៗ នៃសសរស្តម្ភកំណែទម្រង់នោះគឺ «ភាពជឿទុកចិត្ត នៃថវិកា», «គណនេយ្យភាពហិរញ្ញវត្ថុ», «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» និង «ថវិកាសមិទ្ធកម្ម»។ សម្រាប់ការរៀបចំគម្រោងថវិកាឆ្នាំ២០២៦, រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំផែនការចំណូល- ចំណាយ និងកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានីភ្នំពេញ (២០២៦-២០២៨) នាពេលកន្លងមក ហើយនឹងធ្វើការពិនិត្យលម្អិតចុងក្រោយ មុននឹងដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នា ពេលខាងមុខនេះ ឱ្យស្របតាមនីតិវិធី ផងដែរ។

  ការរៀបចំផែនការគម្រោងចំណាយរបស់រដ្ឋបាលខណ្ឌ-សង្កាត់នេះឯកឧត្ដមស្នើឱ្យរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទាំងអស់ត្រូវធ្វើការប្រជុំពិនិត្យមើលលើគម្រោងអទិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានម៉ត់ចត់ ដូចជាគម្រោងអភិវឌ្ឍនៅតាមបណ្តាខណ្ឌស្ថិតនៅកណ្តាលរាជធានីភ្នំពេញ គម្រោងអភិវឌ្ឍនៅតាមបណ្តាខណ្ឌជាយរាជធានីភ្នំពេញ ដោយត្រូវគិតគូរបញ្ចូលនូវសំណើ-សំណូមពររបស់ប្រជាពលរដ្ឋ ដែល បានលើកឡើងក្នុងវេទិកាសាធារណៈ។លើសពីនេះ រដ្ឋបាលខណ្ឌ-សង្កាត់ក៏ត្រូវយកចិត្តទុកដាក់លើមុខសញ្ញាចំណាយថវិកាសេវាសង្គម និង អនាម័យបរិស្ថាន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង