អាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកដំណើរការទទួលជើងហោះហើរនៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៥
ភ្នំពេញ៖បន្ទាប់ពីមានការយល់ច្រឡំជាច្រើន អំពីព័ត៌មានចាស់ ដែលប្រកាសថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះនៅថ្ងៃនេះ ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល សូមបញ្ជាក់ជាថ្មីថា «អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យ ដំ ណើរ ការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥»។
សូមជម្រាបថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំក្រុមការងារ បច្ចេកទេសចុះត្រួតពិនិត្យ និងប្រជុំវាយតម្លៃលើវឌ្ឍនភាព គម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់ខាងលើ ជាពេលវេលានៃការបិទបញ្ចប់ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃ ទៅលើការបើកប្រតិបត្តិការជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។
ឯកឧត្ដមស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បានបញ្ចប់ការសាងសង់រួចហើយ អ្វីដែល នៅ សេស សល់ គឺការងារសម្អាត បណ្ដុះបណ្ដាល ការងាររៀបចំឯកសារ។ លោកថា អាកាស យាន ដ្ឋាន អន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យ កម្មដ៏ អស្ចារ្យ បំផុតមួយ ក្នុងចំណោម១១ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំង ព្រលាន យន្តហោះតេជោ នៅ ជួរ មុខនៃការរចនាប្រកប ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។
បន្ថែមពីនោះទៀត ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរ បានរហូតដល់ទៅ៦ដង លើសព្រលាន បច្ចុប្បន្ន។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា បានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធ ជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
ទទួលបានពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០២៥នេះ មានអ្នកដំណើរតាមផ្លូវអាកាស (ទ្វេទិស) មានប្រមាណ ៣.៦៥លាននាក់ ធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា មានកំណើន២០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤។
បើតាមអ្នកនាំពាក្យដដែលរូបនេះ ប្រទេសដែលរួមចំណែកច្រើនជាងគេ នៃចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសមកកម្ពុជា រួមមាន៖ ចិន ថៃ វៀតណាម កូរ៉េ ជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប។ ដោយឡែក សម្រាប់អ្នកដំណើរតាមផ្លូវអាកាសក្នុងស្រុកវិញ ក្នុងរយៈពេល៦ ខែដើមឆ្នាំ២០២៥នេះ មានអ្នកចំនួន ៦៨ម៉ឺននាក់។
គួររំលឹកថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស សរុបចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើងជាង២២% បើធៀបនឹងឆ្នាំ២០២៣ និងទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កើនឡើងជាង១៤%៕



