ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាផ្ទះបណ្តែតទឹកនិងបែចិញ្ចឹមត្រីក្នុងភូមិសាស្រ្តខេត្តទាំង៥ជុំវិញបឹងទន្លេសាប

82

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប។ នេះបើតាមសេចក្ដីសម្រេច  ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ច មានភារកិច្ចដូចតទៅ៖

-រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ធ្វើការបម្លាស់ទីផ្ទះ បណ្តែតទឹកមកលើដីគោក ព្រមទាំងដាក់ចេញគោលការណ៍ណែនាំ តម្រង់ទិសដល់ រដ្ឋបាលខេត្ត ទាំង៥ ជុំវិញបឹងទន្លេសាប ក្នុងការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងបឹងទន្លេសាប

-រៀបចំយន្តការគ្រប់គ្រងស្ថិតិផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែត ទឹក និងការធ្វើបែចិញ្ចឹមត្រី

-ចាត់វិធានការហាមឃាត់ ទប់ស្កាត់ និងរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងការតាំងទីលំនៅថ្មី បន្ថែមនៅលើទឹក

-សិក្សា និងរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទឹកក្នុងបឹង ទន្លេសាប ដោយកំណត់តំបន់ដែលអាចបន្តរស់នៅលើទឹកបាន និងតំបន់ហាមឃាត់មិនឱ្យតាំង ទីលំនៅលើទឹក

-រៀបចំផែនការក្នុងការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើដីគោក វិញជាជំហានៗ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៥

-រៀបចំផែនការផ្តល់ដីសម្បទានសង្គមកិច្ចសមស្របជូនដល់ប្រជាពលរដ្ឋខ្មែរដែលបម្លាស់ទីមករស់នៅ លើដីគោក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងទីតាំងដីសម្បទានសង្គមកិច្ច

-រៀបចំផែនការគាំទ្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅលើគោក តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រ និងមធ្យោបាយក្នុងរយៈពេលសមស្រប ព្រមទាំងការបង្កើត ការងារ និងមុខរបរក្រៅពីការនេសាទ និងការចិញ្ចឹមត្រី

-ចាត់វិធានការចំពោះជនអន្តោប្រវេសន្តខុសច្បាប់ដែលកំពុងរស់នៅលើទឹក ស្របតាមច្បាប់ជាធរមាន

-ធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅផ្ទះ បណ្តែតទឹក និងបែចិញ្ចឹមត្រី កុំឱ្យមានការពង្រីក ឬបង្កើតថ្មីបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋបម្លាស់ទីមករស់នៅលើដីគោក

-ទប់ស្កាត់ និងបង្ក្រាបការនេសាទខុសច្បាប់ ដើរទន្ទឹមនឹងវិធានការផ្សព្វផ្សាយអប់រំ និងណែនាំ

-ធ្វើការពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់បរិស្ថានឡើងវិញ ដើម្បីចៀសវាងនូវការខូចខាតធ្ងន់ធ្ងរ ដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក ការធ្លាក់ចុះគុណភាពទឹក ការបំពុលបរិស្ថាន ការប៉ះពាល់ ដល់ផ្លូវនាវាចរ និងចាត់វិធានការដោះស្រាយឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង

-គាំទ្រដល់ការផ្តល់សេវាសុខាភិបាល អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងទប់ស្កាត់ការបើក សាលារៀនខុសច្បាប់

-ធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពលទ្ធផលការងារជូននាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង