ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហ្សេលេនស្គីតែងតាំងនាយករដ្ឋមន្រ្តីថ្មីនិងប្តូររដ្ឋមន្រ្តីការពារជាតិ

262

ក្រុងកៀវ៖កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានដាក់ឧបនាយករដ្ឋមន្ត្រីទីមួយ លោកស្រី Yulia Svyrydenko ឱ្យកាន់តំណែងនាយករដ្ឋមន្រ្តីដើម្បីដឹកនាំរដ្ឋាភិបាល និងប្តូររដ្ឋមន្រ្តីការពារជាតិថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។

នេះជាការផ្លាស់ប្តូរផ្នែកនយោបាយនៅអ៊ុយក្រែន ខណៈកំពុងធ្វើសង្រ្គាមជាមួយរុស្ស៉ី។ លោកស្រី Svyrydenko អាយុ ៣៩ឆ្នាំគឺជាអ្នកសេដ្ឋកិច្ចម្នាក់ ហើយបម្រើការជាឧបនាយករដ្ឋមន្ត្រីទីមួយរបស់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០២១។ លោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាពេលថ្មីៗ ជុំវិញកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក។

តាមការបង្ហោះសារនៅលើបណ្តាញសង្គម X លោក ហ្សេលេនស្គី គូសបញ្ជាក់ដូច្នេះថា «យើងបានពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីជំរុញសក្តានុពលសេដ្ឋកិច្ច ពង្រីកកម្មវិធីគាំទ្រសម្រាប់អ៊ុយក្រែន និងបង្កើនការផលិតអាវុធក្នុងស្រុក។ ដើម្បីបំពេញគោលដៅនេះ យើងកំពុងផ្តួចផ្តើមផ្លាស់ប្តូរក្បាលម៉ាស៉ីនដឹកនាំនៅក្នុងប្រទេស»

លោក ហ្សេលេនស្គី ក៏បានឱ្យដឹងថា លោក Denys Shmyhal ដែលជានាយករដ្ឋមន្ត្រីអ៊ុយក្រែនបច្ចុប្បន្ន ត្រូវទៅកាន់តំណែងរដ្ឋមន្ត្រីការពារជាតិវិញ ដោយនិយាយថា លោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការងារនេះ។ លោក Shmyhal នឹងជំនួសលោក Rustem Umerov ដែលលោក ហ្សេលេនស្គី ថាអាចនឹងត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅទីក្រុងវ៉ាស៉ីនតោន៕

អត្ថបទដែលជាប់ទាក់ទង