ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រី ពន្ធនាគារ (ឋានន្តរស័ក្តិអនុរក្ស ថ្នាក់លេខ៣) ចំនួន៨នាក់ ស្រី១នាក់ សម្រាប់បម្រើការងារនៅពន្ធនាគាររាជធានី ភ្នំពេញ

144

ភ្នំពេញ៖យោង តាម សេចក្តី ជូន ដំណឹង របស់ ក្រសួង មហាផ្ទៃ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ បាន ឱ្យ ដឹងថា គណៈកម្មការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រី ពន្ធនាគារ (ឋានន្តរស័ក្តិអនុរក្ស ថ្នាក់លេខ៣) ចំនួន៨នាក់ ស្រី១នាក់ សម្រាប់បម្រើការងារនៅពន្ធនាគាររាជធានី ភ្នំពេញ។

ក- លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទដែលមានសិទ្ធិសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើស ត្រូវបំពេញដូចខាងក្រោម៖

១- មានសញ្ជាតិខ្មែរ

២- មានកាយសម្បទាគ្រប់គ្រាន់និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង តេស្តរកសារធាតុញៀន)

៣- បេក្ខជនទាំងពីរភេទត្រូវមានកម្ពស់ បុរសកម្ពស់ ១,៦៧ម៉ែត្រឡើង និងនារីកម្ពស់១,៥៧ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់

៤- មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស

៥- បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាបត្រយ៉ាងទាបបំផុត មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល

៦- ត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំ ហើយមិនលើសពី ២៥ ឆ្នាំ។ ការកម្រិតអាយុត្រូវបានរំកិលពី ២៥ ឆ្នាំ ដល់ ៣៥ឆ្នាំ ចំពោះបេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសមមូល និង ៤០ ឆ្នាំ ចំពោះ បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល។

៧- មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្រ្តរាជធានីភ្នំពេញ

៨- មិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់ដែលពិនិត្យជាក់ស្តែងឃើញថាមិនសមរម្យ។

ខ- កាលបរិច្ឆេទផ្តល់ពាក្យ ទទួលពាក្យ ទីកន្លែងផ្តល់ពាក្យ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥

ទទួលពាក្យរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី ជាកាលបរិច្ឆេទកំណត់ចុងក្រោយ។

ទីកន្លែងផ្តល់ពាក្យនិងទទួលពាក្យនៅសាលារាជធានីភ្នំពេញ។

គ- វិញ្ញាសាប្រឡង និងមណ្ឌលប្រឡងវិញ្ញាសាប្រឡង៖ ចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ (រយៈពេល ២ម៉ោង)មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ (ទីតាំងជាក់ស្តែងនឹងជូនដំណឹងនៅពេលក្រោយ)។

ឃ- ការចុះឈ្មោះតាមប្រព័ន្ធអនឡាញ(ONLINE)

បេក្ខជនត្រូវបំពេញព័ត៌មានបឋម ក្នុងការស្នើសុំសិទ្ធិប្រឡងប្រជែងតាមប្រព័ន្ធអនឡាញតាមតំណភ្ជាប់ (https://gdhr.interior.gov.kh/gdp/request?recruit=2) ឬស្តែន QR CODE រួចបេក្ខជនម្នាក់ៗត្រូវបោះពុម្ព (Print) បង្កាន់ដៃស្នើសុំសិទ្ធិប្រឡងប្រជែងនេះ ដើម្បីបង្ហាញដល់អនុគណៈកម្មការផ្តល់ពាក្យនិងទទួលពាក្យ នៅទីកន្លែងផ្តល់ពាក្យសុំចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។

ង- ឯកសារដែលត្រូវភ្ជាប់មកជាមួយនៅពេលបេក្ខជនម្នាក់ៗមកទទួលពាក្យសុំចូលបម្រើការងារ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

– បង្កាន់ដៃស្នើសុំសិទ្ធិប្រឡងប្រជែងតាមប្រព័ន្ធអនឡាញ១ច្បាប់

– សញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា ទទួលស្គាល់ជាផ្លូវការ១ច្បាប់

– សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត១ច្បាប់

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១ច្បាប់

– សៀវភៅស្នាក់នៅនិង/ឬសៀវភៅគ្រួសារ១ច្បាប់។សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង