ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវប្រជុំស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ,ពិសេសយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ក្នុងមូលដ្ឋាន

117

ភ្នំពេញ៖នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំកម្លាំងចំណុះគណៈបញ្ជាការឯកភាពខណ្ឌ ស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ,ជាពិសេសយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានវត្តមានចូលរួមពីសំណាក់តំណាងលោកអធិការនគរបាលខណ្ឌ តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយក លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង៧ មេប៉ុស្តិ៍សង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រី សរុបចំនួន៣៨នាក់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ លោកអភិបាលខណ្ឌ បានធ្វើការណែនាំឱ្យអាជ្ញាធរសង្កាត់ទាំង៧ ប៉ុស្ត៍សង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នាចាប់ប្រមែប្រមូលជនអនាថារួចបញ្ជូនទៅមណ្ឌលកែប្រែដើម្បីឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ.  អនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាពិសេស យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) កំពុងបង្កការគំរាមកំហែងនិងអសន្តិសុខក្នុងពិភពលោកនិងតំបន់ ។ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកអភិបាលខណ្ឌ បានអាននូវបទបញ្ជាដ៏ម៉ឺងមាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញដូចខាងក្រោម៖

១- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

២- ក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំនីតិវិធីបណ្តេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។

៣- អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាខេត្តជាប់ព្រំដែនគោកជាមួយប្រទេស ជិតខាង ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាម ព្រំដែនគោកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។

៤- គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក និង នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមផ្លូវទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។

៥- ក្រសួងយុត្តិធម៌ ត្រូវធ្វើការណែនាំដល់សាលាជម្រះក្តីនិងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងផ្ដល់ការគាំទ្រផ្នែកច្បាប់ដល់ស្ថាប័ននិង អង្គភាពអនុវត្តច្បាប់ក្នុងប្រតិបត្តិការ តាមការចាំបាច់។

៦- អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ព ជើងទឹក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ញាការបញ្ហាការដ្ឋានទ័ពពិសេស មេបញ្ចាការ បញ្ជាការដ្ឋានអង្គរក្ស មេបញ្ជការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មេបញ្ជាការកងពលតូច លេខ៧០ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីគាំទ្រដល់ប្រតិបត្តិការ នៅពេលទទួលបានបទបញ្ហា។ 

៧- ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន ត្រូវផ្ដល់កិច្ចសហការនិង ចូលរួមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

៨- គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទីតាំងកាស៊ីណូ ឬមណ្ឌលល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ ដោយមិនឱ្យមានជាដាច់ខាតនូវ : (១)អំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (២)អំពើចាប់ជំរិត ធ្វើទារុណកម្ម និងបង្ខាំងមនុស្សដោយខុសច្បាប់ (៣)អំពើជួញដូរ មនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ (៤)អំពើជួញដូរអាវុធ រក្សាទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (៥)ការកសាងកម្លាំងខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជន និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ ដោយអាវុធ និង(៦)អំពើជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀននឹងសារធាតុញៀន ដោយខុសច្បាប់។

៩- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង៕

អត្ថបទដែលជាប់ទាក់ទង