ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុយក្រែនប្រកាសបើកឱ្យក្រុមហ៊ុនបរទេសនានាធ្វើតេស្តអាវុធរបស់ពួកគេនៅសមរភូមិមុខផ្ទាល់ក្នុងប្រទេសខ្លួននាសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី

362

ក្រុងកៀវ៖ក្រុមវិនិយោគនិងលទ្ធកម្មសព្វាវុធ គាំទ្រដោយរដ្ឋរបស់អ៊ុយក្រែន ឈ្មោះថា Brave1 កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា បាននិយាយថា អ៊ុយក្រែននឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតសព្វាវុធបរទេសនានា សាកល្បងអាវុធថ្មីៗចុងក្រោយរបស់ពួកគេ នៅលើសមរភូមិមុខនៃសង្រ្គាមរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុម Brave1 បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្រោមផែនការ Test in Ukraine ឬសាកល្បងនៅអ៊ុយក្រែន ក្រុមហ៊ុននានា អាចបញ្ជូនផលិតផលរបស់ពួកគេមកអ៊ុយក្រែន និងផ្តល់ការបង្ហាត់បង្រៀនប្រើប្រាស់ពួកវាតាមអនឡាញ រួចរង់ចាំកងកម្លាំងអ៊ុយក្រែនតេស្តអាវុធទាំងនោះ ហើយបញ្ជូនរបាយការណ៍ត្រឡប់ទៅពួកគេវិញ។

លោក Artem Moroz ប្រធានទំនាក់ទំនងវិនិយោគរបស់ក្រុម Brave1 បានលើកឡើងថា «ការធ្វើបែបនោះអាចឱ្យយើងយល់ដឹង អំពីបច្ចេកវិទ្យាដែលមានបច្ចុប្បន្ន ហើយទន្ទឹមគ្នាវាអនុញ្ញាតឱ្យខាងក្រុមហ៊ុនយល់ច្បាស់ អំពីអ្វីដែលមានប្រសិទ្ធភាពពិតប្រាកដ នៅលើសមរភូមិ»

គួរបញ្ជាក់ថា សព្វថ្ងៃ អ៊ុយក្រែនកំពុងសង្ឃឹមលើ ឧស្សាហកម្មការពារជាតិចាប់ផ្តើមរីកដុះដាលរបស់ខ្លួន ដែលមួយផ្នែកត្រូវបានជំរុញដោយការវិនិយោគពីបរទេស ដើម្បីទប់ទល់ជាមួយរុស្ស៉ីដែលមានកម្លាំងខ្លាំងជាង។ Brave1 ត្រូវបានរដ្ឋាភិបាលអ៊ុយក្រែនបង្កើតឡើង កាលពីឆ្នាំ២០២៣ ដើម្បីបម្រើជាវេទិកាអនឡាញមួយ ដែលក្រុមហ៊ុនការពារជាតិអ៊ុយក្រែន អាចស្វែងរកការវិនិយោគ និងជាកន្លែងដែលអង្គភាពយោធាអ៊ុយក្រែន អាចបញ្ជាទិញអាវុធបាន។ បើតាមលោក Moroz ក្រុម Brave1 ក៏បានរៀបចំបញ្ជីនៃបច្ចេកវិទ្យាយោធា ដែលខ្លួនមានបំណងចង់ធ្វើតេស្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង