ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនសម្តែងក្តីបារម្ភជាខ្លាំងនិងទទូចឱ្យកម្ពុជា-ថៃដោះស្រាយបញ្ហាដោយសន្តិវិធីក្រោយប្រទេសទាំងពីរផ្ទុះអាវុធ

56

ក្រុប៉េកាំងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ចិនបាននិយាយថា ខ្លួនមានក្តីបារម្ភយ៉ាងជ្រាលជ្រៅជុំវិញការប៉ះទង្គិចគ្នារវាងយោធាកម្ពុជានិងថៃ បន្ទាប់ពីភាពតានតឹង បានប្រែក្លាយជាការផ្ទុះជម្លោះប្រដាប់អាវុធនៅថ្ងៃនេះ ពាក់ព័ន្ធទំនាស់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃនេះ។

ដោយសំដៅលើការផ្ទុះជម្លោះរវាងកម្ពុជានិងថៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងដូច្នេះថា «យើងមានក្តីកង្វល់យ៉ាងជ្រាលជ្រៅ ជុំវិញស្ថានការណ៍វិវឌ្ឍន៍នាពេលនេះ ហើយសង្ឃឹមថាភាគីទាំងពីរអាចដោះស្រាយបញ្ហាបាន ត្រឹមត្រូវ តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទីក្រុងប៉េកាំងនឹងប្រកាន់គោលជំហរមួយ ដែលមានយុត្តិធម៌និងគ្មានភាពលម្អៀង។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីបំផុតកងទ័ពថៃបានវាយប្រហារឈ្លានពានមកលើកម្ពុជាមុន នៅតាមបណ្តោយព្រំប្រទល់រវាង ប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យកងទ័ពកម្ពុជាគ្មានជម្រើសអ្វី ក្រៅតែពីវាយបកតបតទៅលើខ្មាំងសត្រូវឈ្លានពានរបស់ខ្លួនវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕

អត្ថបទដែលជាប់ទាក់ទង