រដ្ឋាភិបាលចិនទទួលស្គាល់ថាកំពុងជួយសម្របសម្រួលបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃ
ហុងកុង៖ឯកអគ្គរដ្ឋទូតចិនប្រចាំ អង្គការ
សហប្រជាជាតិ (UN) បានអំពាវនាវឱ្យកម្ពុជា និងថៃ បន្ធូរបន្ថយជម្លោះ និងទទួលស្គាល់ថា ទីក្រុងប៉េកាំងកំពុងដើរតួនាទីសម្របសម្រួល បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងប្រទេសជាសមាជិកអាស៊ានទាំង២ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post (SCMP)។
នៅក្នុងបទសម្ភាសន៍ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ជាមួយទូរទស្សន៍រដ្ឋចិន CCTV ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ (UN) លោក Fu Cong បាននិយាយថាចិនកំពុងដើរតួនាទី សម្របសម្រួលដើម្បីសម្រួលឱ្យមានការទំនាក់ទំនងរវាងភាគីទាំង២ ហើយសង្ឃឹមថាស្ថានការណ៍នឹងមានស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។ លោក Fu Cong ក៏បានជំរុញ ផងដែរឱ្យភាគីទាំងសងខាង មានការអត់ធ្មត់ និងធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។
«កម្ពុជា និងថៃ មិនមែនត្រឹមតែជាអ្នកជិតខាងល្អរបស់ចិនប៉ុណ្ណោះទេ តែក៏ជាអ្នកជិតខាងប្រកបដោយមិត្តភាពនឹងគ្នា ទៅវិញទៅមកផងដែរ ហើយថែមទាំងជាសមាជិកដ៏សំខាន់នៃអាស៊ានទៀតផង»។ នេះជាការគូសបញ្ជាក់របស់លោក Fu Cong៕
