ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងការពារជាតិ៖មកទល់ថ្ងៃទី២៦ខែកក្កដានេះកងកម្លាំងប្រដាប់អាវុធកម្ពុជាឈរយ៉ាងរឹងមាំការពារដែនអធិបតេយ្យកម្ពុជាមិនឲ្យបាត់សូម្បីមួយមីល្លីម៉ែត្រទោះថៃបន្ថែមកម្លាំងដាក់សម្ពាធយ៉ាងណាក្ដី

98

ភ្នំពេញ៖លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអះអាងថា មកទល់ម៉ោងនេះ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា កងទ័ពប្រជាជនរួមគ្នាជាធ្លង់មួយ ក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួន ការពារសេចក្ដីថ្លៃថ្នូររបស់ខ្លួនដោយមិនងាករេទោះបីក្នុងតម្លៃណាក៏ដោយ។ មកដល់ម៉ោងនេះ យើងអាចបញ្ជាក់បានថា កងកម្លាំងប្រដាប់អាវុធកម្ពុជាឈរយ៉ាងរឹងមាំ និងជឿជាក់ ក្លាហាន មុះមុតក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន ដោយមិនរួញរានឹងការគម្រាមកំហែង ការបង្ខិតបង្ខំរបស់ភាគីថៃ ទោះបីជាមានការដាក់សម្ពាធ ឬការដាក់ពង្រាយកម្លាំងឈ្លានពាននៅទីតាំងផ្សេងៗ ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធកម្ពុជាឈរយ៉ាងអង់អាចក្លាហាន ការពារដែនអធិបតេយ្យភាពរបស់ខ្លួនមិនឲ្យបាត់សូម្បីមួយមីល្លីម៉ែត្រ»

បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា, ចំពោះស្ថានភាពនៃការឈ្លានពានរបស់ថៃនៅថ្ងៃទី៣ ពោលនៅវេលាម៉ោង៥៖០២នាទីព្រឹកព្រលឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ថៃបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់ មកលើទីតាំងជាច្រើននៅក្នុងភូមិសាស្ដ្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សម្រាប់នៅយោធភូមិភាគទី៤ ថៃបានបើកវាយប្រហារនៅទីតាំងចំនួន៣ គឺតំបន់តាថាវ, ជាំតែ និងវាលឥន្ទ្រី នាវេលាម៉ោង៥ព្រឹកដូចគ្នានេះ។

លោកជំទាវបន្ដទៀតថា ថៃមានបំណងពង្រីកការវាយប្រហារមកលើកម្ពុជាកាន់តែកម្រោល និងរំលោភបំពានដែនអធិបតេយ្យកម្ពុជាកាន់តែខ្លាំងៗ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ដូចជាការអះអាង ការបំភ្លៃពាក់ព័ន្ធការជាន់មីនរបស់កងទ័ពថៃជាហេតុផល នៃការបង្កើតទុកជាមុនដើម្បីជាលេសសម្រាប់ពង្រីកយុទ្ធនាការឈ្លានពានលើទឹកចិត្តកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង