ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីហ៊ុនម៉ាណែតបានដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់កម្ពុជាក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់នៅម៉ាឡេស៊ី កម្ពុជា-ថៃបានឯកភាពគ្នាលើ «បទឈប់បាញ់» ចាប់ពីម៉ោង១២យប់នេះតទៅ

102

ភ្នំពេញបន្ទាប់ពីជោគជ័យ ក្នុងការចរចាជាមួយភាគីថៃ នៅប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោងជាង៨យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់កម្ពុជាវិញហើយ។

កិច្ចប្រជុំបន្ទាន់រវាងមេដឹកនាំកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បានធ្វើឡើងនៅរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់ លោក អានវ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងសហរដ្ឋអាមេរិក និងចិន។

ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់នេះ ភាគីកម្ពុជាថៃ បានព្រមព្រៀងលើបទឈប់បាញ់ ដោយសម្រេច៣ចំណុចដូចតទៅ៖ 

១៖ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ 

២៖ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង០៧៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ 

៣៖ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

តាមបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការឯកភាពលើបទឈប់បាញ់រវាងកម្ពុជា-ថៃ គឺជាលទ្ធផលដ៏ត្រចះត្រចង់។

ប្រជាពលរដ្ឋជាច្រើន បានសម្តែងការត្រេកអរ បន្ទាប់ពីកម្ពុជា-ថៃ ព្រមព្រៀងគ្នា លើបទឈប់បាញ់។ ចំណែកអ្នកតាមដានព្រឹត្តិការណ៍សង្គម បានជំរុញឱ្យភាគីថៃ មានភាពស្មោះត្រង់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាព។

គិតមកដល់ពេលនេះ ជាថ្ងៃទី៥ហើយ នៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយការប៉ះទង្គិច បានកើតឡើងចាប់ពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ 

គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ចំនួនជនភៀសសឹកដែលជម្លៀស មកកាន់ទីជម្រកសុវត្ថិភាព និងផ្ទះសាច់ញាតិ មានចំនួនសរុបប្រមាណ ៣៩ ៨២៨គ្រួសារ ស្មើនឹង១៣៤ ៧០៧នាក់ ដោយក្នុងនោះមានស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនពិការ និងកុមារ។ ការឈ្លានពានរបស់ថៃ បានធ្វើឱ្យប៉ះពាល់ដល់សាលារៀនជាង៦០០ត្រូវបិទទ្វារ ក្នុងចំណោម៥ខេត្ត ដោយក្នុងនោះមានសិស្សានុសិស្សជាង១៥ម៉ឺននាក់ និងគ្រូបង្រៀន៦ពាន់នាក់។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ៕

អត្ថបទដែលជាប់ទាក់ទង