មហាអំណាចធំៗនិងសហគមន៍អន្តរជាតិសាទរចំពោះបទឈប់បាញ់កម្ពុជា-ថៃនិងជំរុញឱ្យអនុវត្តឱ្យបានពេញលេញ
ភ្នំពេញ៖ឯកឧត្ដម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានលើក ឡើងថា បទឈប់បាញ់កម្ពុជា-ថៃ ទទួលបានការសាទរយ៉ាងខ្លាំងក្លាពីបណ្តាប្រទេសមហាអំណាចធំៗ និងសហគមន៍អន្តរជាតិ ដែលនឹងជំរុញឱ្យភាគីទាំងអនុវត្ត បានពេញលេញ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា–ថៃ» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ជុំ សន្ទរី បានលើកឡើងថា មហាអំណាចធំៗ និងសហគមន៍អន្តរជាតិ រួមមាន សហរដ្ឋអាមេរិក អង្គការសហប្រជាតិ ជប៉ុន អូស្រ្តាលី សហភាពអឺរ៉ុប ចក្រភពអង់ បារាំង អាល្លឺម៉ង់ សុទ្ធតែបានចេញសារអបអរសាទរ និង អំពាវនាវឱ្យភាគីទាំងពីរគោរពកិច្ចព្រមព្រៀងនេះ នឹងធ្វើការជាមួយគ្នា ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។
ឯកឧត្ដម ជុំ សន្ទរី បានលើកឡើងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានចូលរួមយ៉ាងសកម្មក្នុងការកិច្ចចរចានាំឱ្យមានបទឈប់បាញ់នេះ បានលើកឡើងនៅក្នុងបណ្តាញសង្គម របស់លោកថា លោកទើបតែបានសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា។ លោកមានក្តីរីករាយសូមប្រកាសថា បន្ទាប់ពីការចូលរួមរបស់លោក ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាព»។
លោក ដូណាល់ ត្រាំបន្ថែមថា តាមរយៈការបញ្ចប់សង្គ្រាមនេះ យើងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ ។ ដោយសារបទឈប់បាញ់នេះលោកបញ្ជាឲ្យក្រុមការងារពាណិជ្ជកម្មរបស់លោកចាប់ផ្តើម ការចរចាជាមួយប្រទេសទាំងពីរឡើងវិញ។ជាមួយគ្នានេះ លោកក៏បាន បញ្ជាក់ថា លោកបានចូលបញ្ចប់សង្រ្គាមជាច្រើន ក្នុងរយៈពេល៦ខែ ដែលជាមោទនភាពមួយ ហើយចាត់ទុកថា លោកគឺជាប្រធានាធិបតីសម្រាប់សន្តិភាព។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ បានសម្តែងការសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយបានបញ្ជាក់ថា លោកប្រធានាធិបតី Trump និងរូបលោកផ្ទាល់ ប្តេជ្ញាបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយរំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តក្នុងការបញ្ចប់ជម្លោះនេះ។
ប្រមុខការទូតអាមេរិក បានបញ្ជាក់ដូច្នេះ «យើងសូមកោតសរសើរចំពោះនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីមចំពោះភាពជាអ្នកដឹកនាំរបស់លោក និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទាំងនេះ។ យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យអនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេ ហើយសហរដ្ឋអាមេរិកនឹងបន្តចូលរួមក្នុងដំណើរការនេះដែលរៀបចំដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះ»។
ទន្ទឹមគ្នានេះ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ស្វាគមន៍ចំពោះបទបាញ់គ្នារវាកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការបញ្ចប់នូវអរិភាពបច្ចុប្បន្ន និងការធ្វើឱ្យមានភាពធូរស្រាលចំពោះភាពតានតឹងនេះ ។លោកថែមទាំងស្នើឱ្យភាគីទាំងពីរគោរពកិច្ចព្រមព្រៀងនេះ ឱ្យបានពេញលេញ។ អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រ ដល់ការខិតខំប្រឹងប្រែងដែលសំដៅលើកស្ទួយសន្តិភាព និងស្ថេរភាព នៅក្នុងតំបន់។
ក្នុងនោះដែលរដ្ឋមន្រ្តីកាបរទេជប៉ុន ក៏សាទរ និងលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ មានតម្លៃណាស់ សម្រាប់សន្តិភាព និងស្ថេរភាពក្នុងតំបន់។ក្នុងន័យនេះ ជប៉ុនបាននឹងកំពុងធ្វើការទំនាក់ទំនងជាមួយកម្ពុជា និងថៃ ដើម្បីបន្ធូបន្ថយភាពតានតឹង។
ចំណែកប្រទេសអូស្រ្តាលី សហភាពអឺរ៉ុប ចក្រភពអង់ បារាំង អាល្លឺម៉ង់ ក៏បានចេញសារអបអរសាទរ និងអំពាវនាវឱ្យភាគីទាំងពីរគោរពកិច្ចព្រមព្រៀងនេះ នឹងធ្វើការជាមួយគ្នា ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីដូចគ្នាផងដែរ។
គួរបញ្ជាក់ថា បទឈប់បាញ់មួយរវាងកម្ពុជា និងថៃត្រូវបានសម្រេចឡើង ក្រោយកិច្ចប្រជុំបន្ទាន់រវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅរសៀលថ្ងៃចន្ទ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់ លោក អានវ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងសហរដ្ឋអាមេរិក និងចិន៕
