ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យប់នេះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានចេញទៅព្រំដែនទាំងយប់ក្រោយបង្កើតក្រុមសង្កេតការណ៍២ក្រុមមានអនុព័ន្ធយោធាម៉ាឡេស៊ីនៅកម្ពុជានិងថៃជាប្រធានដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ

113

ភ្នំពេញ៖រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។

អគ្គមេបញ្ជាការ បានសំណូមពរនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួលបានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។ 

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍  នីហ្សាម ចាហ្វា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា លោកនឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ។

 អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សានេះរួច លោកបានចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់នេះ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ កម្ពុជា។

ចុងក្រោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសម្ដែងនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងទទួលបានពិតប្រាកដ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការជឿទុកចិត្តគ្នា៕

អត្ថបទដែលជាប់ទាក់ទង