អភិបាលរាជធានី៖គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗរដ្ឋបាលរាជធានីត្រូវរៀបចំជាចំណែកស្មើៗគ្នា ក្នុងការផ្តល់ជូនទៅបញ្ជាអង្គរក្ស ,វីរកងទ័ពជួរមុខ ,វីរនគរបាលជើងការពារព្រំដែន
ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានឱ្យបញ្ជាក់ថាក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញញ៉ាប់ដៃញ៉ាប់ជើងក្នុងការដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលទទួលបានពីសប្បុរសជននៅភ្នំពេញ ប្រញ៉ាប់ដឹកទៅជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែង មកទីកន្លែងសុវត្ថិភាព នៅខេត្តឧត្ដមានជ័យនិងខេត្តព្រះវិហារ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ក្រុមការងារត្រូវរៀបចំគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗឱ្យបានលឿនទៅតាមអ្វីដែលអាចធ្វើបាន ពោលគឺគ្រឿងឧបភោគ បរិភោគណាដែលឆាប់ខូចត្រូវរៀបចំនិងដឹកបញ្ជូនទៅមុន។ ចំពោះ គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗទាំងនេះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំជាចំណែកស្មើៗគ្នា ក្នុងការផ្តល់ជូនទៅបញ្ជាអង្គរក្ស វីរកងទ័ពជួរមុខ វីរនគរបាលជើងការពារព្រំដែន ទាំងនៅព្រំដែនខេត្តឧត្ដមានជ័យនិងខេត្តព្រះវិហារ។
ក្រុមការងារបានញ៉ាប់ដៃញ៉ាប់ជើងរៀបចំឡើងរថយន្តជាបន្តបន្ទាប់ ទាំងរថយន្តកុងទ័រណឺ និងរថយន្តដឹកសំភារះជាច្រើនតោនជាដើម ពេលរៀបចំសំភារៈពេញ ចេញដំណើរភ្លាម។
លោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅល្ងាចថ្ងៃទី៣០ កក្កដាដដែលនេះថា៖ គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលទទួលបានពីសប្បុរសជននៅភ្នំពេញ ឯកឧត្តមឃួង ស្រេងបានណែនាំឱ្យដឹកជញ្ជូនភ្លាមៗ ទៅកាន់ព្រំដែន ដោយក្នុងរយៈពេល៣ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញបានដឹកជញ្ជូនទៅចែកជូន ដល់វីរកងទ័ពជួរមុខនិងពលរដ្ឋកំពុងជម្លៀសខ្លួន ដោយជម្លោះប្រដាប់អាវុធ បង្កឡើងដោយទាហានថៃឈ្លានពាននេះ បានចំនួន៦លើករួចហើយ។ ការបញ្ជូនគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗ ទាំង៦លើកនេះ ដឹកនាំដោយឯកឧត្តមឯក ឃុនដឿន, ឯកឧត្ដម អ៊ឹម រ៉នហាស្សាន់ និងលោកសុខ ពេញវុធអភិបាលរងរាជធានីតំណាងឯកឧត្តមឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ គិតត្រឹមម៉ោង ១៨:០៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានពីសប្បុរសជននានាបានកើនឡើងដល់ជាង១.១២០.៥១៣.៥៧៩រៀលនិងជាង៣៤៦.៧១៦,០០ដុល្លារអាមេរិកនិងសម្ភារគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗជាច្រេីនមុខទៀត។ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយជាតិខ្មែរ ។
លោកស្រីសូមឱ្យសប្បុរសជន បន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀត មករដ្ឋបាលរាជធានីភ្នំពេញ ដោយក្រុមការងារ នៅចាំទទួលសំភារៈនិងថវិកាតាមរយះQR Code នៅសាលារាជធានីភ្នំពេញ៕






