ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ‎អញ្ជើញអមដំណើរ ឯកឧត្ដម ហ៊ុន ម៉ានីអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សពកងនគរបាលជាតិនិងវរៈកងទ័ព​ជេីងគោក​

74

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បាន អញ្ជើញអមដំណើរ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មុខងារ សាធារណៈ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សពលោកអនុសេនីយ៍ឯក​ លៀម​ សំពៅមាស​ មន្ត្រីនគរបាល​នៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុង​ជន្មាយុ​ ៤៣ឆ្នាំ​ និងសព​លោក​អនុសេនីយ៍​ឯក​ ពោ​ វៃ​ យោធិន​នៃកងពលតូចអន្តរាគមន៍លេខ៨​ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ព​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ ក្នុង​ជន្មាយុ​ ៤៦ឆ្នាំ​ ដែលបានទទួល​មរណភាព​ក្នុង​បុព្វហេតុការពារជាតិ ការពារទឹកដីកម្ពុជា ពីការឈ្លានពានដោយកងទ័ពថៃ។

ក្នុងនោះឯកឧត្តម ឃួង ស្រេង ចាត់ទុកមរណៈភាពរបស់អ្នកទាំងពីរ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកប ដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់បំផុតដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌ នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពសៀម ដែលធ្វើការឈ្លានពាន មកលើដែនអធិបតេយ្យភាពកម្ពុជាយើង។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ឃួង ស្រេង ក៏បានចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសព និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធអ្នកទាំងពីរ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង