ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី បន្តនាំយកអំណោយ បានពីសប្បុរសជន មកចែកជូនវីរកងទ័ពជួរមុខ,កងនគរបាលការពារព្រំដែនគោក និងពលរដ្ឋភៀសសឹក ខេត្ដព្រះវិហារ

111

ព្រះវិហារ៖ ឯកឧត្ដម ហ៊ុន សុរិទ្ឋី  អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ និងវីរកងទ័ពជួរមុខ វរៈនគរបាលការពារព្រំដែនគោកលេខ៧៩៣ ទិសព្រះវិហារ ដែលកំពុងឈរជើងដ៏អង់អាចក្លាហាន ការពារបូរណៈភាពទឹកដី ពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

   អំណោយដែលបានប្រគល់ជូន មានធុងហ្គាសធំ 

ចំនូន៧០ធុង ប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ តាមរយៈឯកឧត្ដម គឹម ចាន់បញ្ញា អភិបាលរងខេត្ត តំណាងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រគល់ជូនដល់វរនគរបាលការពារព្រំដែនគោក លេខ៧៩៣ ខេត្តព្រះវិហារ ទទួលដោយលោក វរសេនីយ៍ឯក ឃួន ប៊ុនធឿន មេបញ្ជាការវរៈនគរបាលការពារព្រំដែនលេខ ៧៩៣ ជូនកងពលតូចអន្តរាគមន៍លេខ៩ តាមរយៈលោកវរសេនីយ៍ឯក អួង សុវណ្ណា មេបញ្ជាការរង កងពលតូចអន្តរាគមន័លេខ៩។ 

  ឯកឧត្ដមហ៊ុន សុរិទ្ឋី ក្នុងនាម ឯកឧត្ដម ឃួង ស្រេង បានសម្តែងនូវសមាណចិត្តអាណិតអាសូរជាពន់ពេក ចំពោះទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាកចោលផ្ទះសម្បែង ស្រែចំការ រត់ភៀសខ្លួន គេចចេញពីតំបន់សមរភូមិប្រយុទ្ធ មករស់នៅលើតំបន់សុវត្ថិភាពនាពេលនេះ។ ឯកឧត្ដមកីបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះនគរបាលការពារព្រំដែន លេខ៧៩៣ដែលមានទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូនវីរៈកងទ័ពជួរមុខដែលបានពុះពារលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិពីការឈ្លានពានរបស់ខ្មាំងសត្រូវ។ 

  បន្ថែមពីនេះ ឯកឧត្ដមហ៊ុន សុរិទ្ឋី ក៏បាននាំទៅនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឃួង ស្រេង ជូនពរដល់បងប្អូនវីរៈកងទ័ពជួរមុខនិងកងនគរបាលដែលកំពុងឈរជើងនៅជួរមុខទាំងអស់ សូមសុខសប្បាយ សុខភាពល្អ និងទទួលបានជ័យជម្នះលើខ្មាំងសត្រូវ។ 

ឯកឧត្ដមហ៊ុន សុរិទ្ឋី បានបញ្ជាក់ទៀតថា អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើននេះ ដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកផ្ដល់ជូនខាងលើ គឺបានពីសប្បុរសជននានា និងប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលបានចែករំលែកធនធាន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមក្នុងការផ្សារភ្ជាប់ រវាងសមរភូមិក្រោយ និងសមរភូមិមុខឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀស ចេញ ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព ។

  នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក អួង សុវណ្ណា មេបញ្ជាការរង កងពលតូចអន្តរាគមន័លេខ៩ តំណាងថ្នាក់ដឹកនាំខេត្តព្រះវិហារ និងតំណាងឱ្យវីរៈកងទ័ពនៅជួរមុខទិសព្រះវិហារទាំអស់ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្ដមឃួង ស្រេង ដែលតែងបានចាត់តំណាងនាំយកអំណោយពីរដ្ឋបាលរាជធានីភ្នំពេញ មកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក និងជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី ដែលនេះ សបញ្ជាក់ឲ្យឃើញថា សមរភូមិក្រោយនិងសមរភូមិមុខគឺរួមចិត្តតែមួយ ហើយបងប្អូនវីរៈកងទ័ពទាំងអស់ ប្តេជ្ញាការពារអធិបតេយ្យភាពជាតិរបស់យើង មិនឱ្យខ្មាំងចូលឈ្លានពានជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង