ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសម្រេចទម្លាក់អត្រាពន្ធបដិកាលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩% ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចបវរធិបតីហ៊ុនម៉ាណែត

69

ភ្នំពេញក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៣៦មកនៅ ១៩ប៉ុណ្ណោះ។ នេះបើតាមសេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។

អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន។

គួររំលឹកថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ ៤៩%។ បន្ទាប់ពីការកំណត់យកពន្ធក្នុងអត្រា ៤៩%នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតទៅលោក Donald J. Trump ដើម្បីស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក។

បន្ទាប់ពីការចរចាពន្ធបដិការវាងកម្ពុជា និងអាមេរិក ដែលក្រុមការងារចំពោះកិច្ចរបស់កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានក្រុមការងារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អាមេរិកបានសម្រេចទម្លាក់អត្រាពន្ធពី  ៤៩% មកនៅ ៣៦%។ អត្រា៣៦% នេះមិនមែនជាការបិទផ្លូវចរចានោះទេ គឺកម្ពុជានៅមានលទ្ធភាពចរចាឱ្យបញ្ចុះអត្រាពន្ធថែមទៀត។ ទើបពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធពី ៣៦% មកនៅត្រឹម ១៩%នៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង