ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបន្តនាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ចំនួន៥៦មុខមកប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ នៅខេត្តស្ទឹងត្រែង 

104

ស្ទឹងត្រែង៖ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា៖ ទាហានខ្មែរពិតជាមានឆន្ទះមោះមុត អង់អាច ក្លាហាន ខ្លាំងក្លា ក្រាញននៀល មិនចុះចាញ់ជាមួយទ័ពសត្រូវ បើទោះបីទ័ពសត្រូវមានគ្នាច្រើន មានអាវុធយុទ្ធភ័ណ្ឌទំនើប មានយន្តហោះចំបាំង មានដ្រូន និងប្រើប្រាស់ថ្នាំពុល យ៉ាងណាក្តី រហូតទទួលបានការកោតសរសើរលើពិភពលោកថា កម្ពុជាប្រទេសតូច កម្លាំងតិច សម្ភារៈសឹកមិនសូវទំនើប តែទឹកចិត្តមោះមុត មានច្ឆន្ទៈខ្ពស់ក្នុងកិច្ចការពារទឹកដីរបស់ខ្លួនយ៉ាងរឹងមាំ មិនឱ្យបាត់បង់ឡើយ។ 

   ការថ្លែងរបស់ឯកឧត្ដម ហួត ហៃ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ ខណៈលោកតំណាងឱ្យឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវបាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ចំនួន៥៦មុខរបស់សប្បុរសជនដែលបានផ្តល់ជូនសមរភូមិមុខ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ ខេត្តស្ទឹងត្រែង នៅទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ ១២៨ ខេត្តស្ទឹងត្រែង។

  ឯកឧត្ដម ហួត ហៃ នៅមុនពិធីប្រគល់អំណោយនេះ បានជួបសំណេះសំណាល សួរសុខទុក្ខ ដល់នាយទាហានរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ១២៨នេះ ជុំវិញការប្រយុទ្ធគ្នាជាមួយទាហានសៀមឈ្លានពាន។

  ពាក់ព័ន្អទៅហ្នឹងអំណោយខាងលើ ឯកឧត្ដមបានសូមឱ្យមានការបែងចែកគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ទាំង៥៦មុខឱ្យដល់វរៈទាំង៥ និងទាំង៧គ បានប្រើប្រាស់ និងហូបចុក ឱ្យបានដល់ដៃដល់វីរៈកងទ័ពអោយបានគ្រប់ៗគ្នា។

ចុងក្រោយឯកឧត្ដម ហួត ហៃ បានផ្តាំផ្ញើរដល់បងៗកងទ័ព សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រៀមលក្ខណៈជានិច្ច ព្រោះសត្រូវមិនអោយយើងបានសុខឡើយ មានតែយើងរឹងមាំខ្លួនឯងប៉ុណ្ណោះ ទើបយើងអាចការពារទឹកដីយើងមិនអោយបាត់បង់ឡើយ។

ជាការឆ្លើយតបក្នុងឱកាសនោះលោកវរសេនីយ៍ឯក ធីវ ម៉ុល បានបញ្ជាក់ឱ្យដឹងថា៖ កងពលតូចអន្តរាគមន៍លេខ១២៨ ខេត្តស្ទឹងត្រែងមានកងទ័ពមួយចំនួនបានទៅឈរជើងការពារព្រំដែននៅជួរមុខ នៅច្រកព្រំដែនអានសេះ ជាំតែ និងមុំបី ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ធីវ ម៉ុល ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុតផងដែរ​ ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​រដ្ឋបាលរាជធានីនិងជាពិសេសឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែបានឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨កន្លងមក ហើយនៅពេលនេះ ខណៈដែលកងទ័ពយើងកំពុងប្រឈមមុខជាមួយសត្រូវឈ្លានពាន រដ្ឋបាលរាជធានីភ្នំពេញបានបន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគជាច្រើនមុខ មកជួយឧបត្ថមបន្ថែមទៀត។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយពួកយើងខ្ញុំទាំងអស់គ្នា។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង