ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជោគជ័យនៃបទឈប់បាញ់ជាកិច្ចខិតខំរបស់ពហុភាគីដោយមានចូលរួមពីកម្ពុជាអាមេិរកនិងម៉ាឡេស៊ីមិនមែនជោគជ័យសម្រាប់តែថៃឡើយ

3,061

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ជុំ សុន្ទរី បានបដិសេធចំពោះការលើកឡើងរបស់ថៃ ដែលថាកិច្ចព្រមព្រៀងបទឈប់បាញ់ជាជោគជ័យផ្នែកការទូតរបស់ខ្លួន ហើយលោកចាត់ទុកថា នេះជាការលើកឡើងដោយគ្មានមូលដ្ឋាន។

ឯកឧត្ដមបានថ្លែងបែបនេះ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្ដម ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការចោទប្រកាន់របស់ថៃ ដែលថាកិច្ចព្រមព្រៀងបទឈប់បាញ់ជាជោគជ័យផ្នែកការទូតរបស់ថៃនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា បទឈប់បាញ់នេះសម្រេចបានដោយគំនិតស្ថាបនារបស់ប្រធានអាស៊ានម៉ាឡេស៊ីសហរដ្ឋអាមេរិក ប្រទេសចិន និងការចូលរួមដ៏សកម្ម និងការអត់ធ្មត់របស់កម្ពុជា វាពុំមែនជាជោគជ័យការទូតរបស់ថៃឡើយ»

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តាំងពីបទឈប់បាញ់ចូលជាធរមាន កម្ពុជាមិនដែលល្មើសម្តងណាឡើយ៕

អត្ថបទដែលជាប់ទាក់ទង