ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូរដ្ឋបាលរាជធានីបន្តនាំយកអំណោយជាថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគជាច្រើនមុខ និងថវិកាមួយចំនួនទៅប្រគល់ជូនកងពលធំអន្តរាមន៍លេខ៣ និងមណ្ឌលសុខភាពគូលែន 

114

ព្រះវិហារ៖ គណៈប្រតិភូសាលារាជធានីភ្នំពេញបាននាំយកអំណោយជាថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគជាច្រើនមុខ និងថវិកាមួយចំនួនរបស់សប្បុរសជននានា ប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលបានផ្តល់មករដ្ឋបាលរាជធានី ត្រូវបានឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តមឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់មណ្ឌលសុខភាពគូលែន និងកងពលធំអន្តរាមន៍លេខ៣។ 

  ពិធីប្រគល់និងទទួល បានធ្វើឡើងនាព្រឹកថ្ងៃទី២ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ ក្រោមវត្តមានឯកឧត្តមឯក ឃុនដឿននិងលោកទិត្យ សារុំប្រធានមណ្ឌលសុខភាពគូលែននិងលោក ប៉ែន ជឹង អភិបាលស្រុកគូលែន និង តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយចែកជាពីរទីតាំងផ្សេងគ្នា។

  លោក ទិត្យ សារុំ បានឲ្យដឹងថា នាអំឡុងសង្គ្រាមរវាងកម្ពុជា និងថៃ និងក្រោយបិទបញ្ចប់ការឈប់បាញ់យប់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន មានបងប្អូនវីរកងទ័ព កងនគរបាលជាតិការពារព្រំដែន  និងប្រជាពលរដ្ឋភៀសសឹក ដែលរងរបួសពីការបាញ់ផ្លោងគ្រាប់ និងបាញ់ផ្សែងពុល របស់ទាហានថៃ បានចូលមកសម្រាកព្យាបាលជំងឺនៅទីនេះ។ ជាមួយគ្នានោះលោកទិត្យ សារុំ បានថ្លែងអំណរគុណយ៉ាងជាលជៅដល់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ តាមរយ:ឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ចំពោះអំណោយដែលបាននាំយកមកប្រគល់ជូនមណ្ឌលសុខភាពគូលែននេះ។

   នៅព្រឹកថ្ងៃដែលនេះដែរ ឯកឧត្តមឯក ឃុនដឿន បានបន្តដំណើរទៅប្រគល់អំណោយជូន កងពលធំអន្តរាគមន៍លេខ៣ ចំនួនមួយរថយន្ត ដែលមានគ្រឿងឧបភោគបរិភោគ ដូចជា ត្រីងៀត សាច់ក្រក មី ទឹកសុទ្ធ ទឹកក្រូច នំ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ឆៃពៅ កៅស៊ូតង កន្តេល អង្រឹង  និងបន្លែជាមុខផងដែរ។

  ក្នុងឱកាសនោះ តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅចំពោះឯកឧត្តមឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចជាកាលឯកឧត្តមអភិបាលនិងសហការីតែងតែជួយឧត្តម្ភមកដល់កងពលអន្តរាគមន៍លេខ៣ ជាក់ស្តែងក្នុងគ្រាដែលប្រទេសជាតិមានសង្រ្គាមឈ្លានពានពីទាហានថៃ ឯកឧត្តមឃួង ស្រេងតែងចាត់បញ្ជូនប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខជាបន្តបន្ទាប់ សូមបងប្អូនជនជាតិរួមទាំងអស់ កុំបារម្ភ យើងខ្ញុំនៅជួរមុខប្តេជ្ញាចិត្តខាច់ខាត់ការពារទឹកដីកម្ពុជាមិនឲ្យបាត់បង់សម្បីមួយមីលីម៉ែត្រឡើយ។

  ក្នុងឱកាសនៃការផ្តល់អំណោយនៅទីតាំងទាំង២កន្លែងនោះ ឯកឧត្តមឯក ឃុនដឿន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក និងសូមថ្លែងអំណរគុណពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ពជួរមុខ និងកងនគរបាលជាតិការពារព្រំដែន ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ដើម្បីការពារទឹកដីពីការឈ្លានពានរបស់ទាហានថៃ និងជូនពរឱ្យបងប្អូនទាំងអស់ មានសុខភាពល្អឆាប់ជាសះស្បើយ និងឈ្នះអស់មាសត្រូវឈ្លានពាន។ ជាមួយគ្នានោះឯកឧត្តមឯក ឃុនដឿន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល ជូនមណ្ឌលសុខភាពគូលែនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង