ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​ខេត្ត​កណ្ដាល​ចុះត្រួតពិនិត្យបច្ចេកទេស​គម្រោងដាក់លូ​ រំដោះ​ទឹកភ្លៀង​ និង​គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់​ ក្រុងតាខ្មៅ 

115

កណ្តាល៖ នៅព្រឹកថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ​២០២៥​ ឯកឧត្តម គួច ចំរើន ​អភិបាល​ នៃ​គណៈអភិបាល​ ខេត្ត​កណ្ដាល​ បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេស​គម្រោងដាក់លូ​ រំដោះ​ទឹកភ្លៀង​ និង​គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់​ ក្រុងតាខ្មៅ នៅតាមបណ្តោយផ្លូវលេខ១០៨ រហូតដល់ផ្លូវលេខ២១A។​ ព្រមទាំង​បាន​ផ្តល់អនុសាសន៍មួយចំនួន​ ដេីម្បីពន្លឿនគម្រោងទាំងអស់​ អោយឆាប់បានបញ្ចប់ការងារសាងសង់​ឆាប់រហ័ស​ ទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារៈពេលទឹកជន់លិច ពេលដែលមានភ្លៀងខ្លាំងម្ដងៗ ដូច្នេះក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿននឹងត្រូវបញ្ចប់គម្រោងមុនរដូវភ្លៀងធ្លាក់ខាងមុខនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ជៀសការជន់លិច កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។ 

ឯកឧត្តមអភិបាលខេត្តកណ្ដាល សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ  ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក្នុងដំឡុងពេលអនុវត្តគម្រោងសូមមេត្តាយោគយល់អធ្យាស្រ័យ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ បង្កាការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀង ដែលតែងតែលិចជារៀងរាល់ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង