ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកដូណាល់ត្រាំថានឹងជួបលោកស៊ីជីនពីងប្រសិនបើសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម

91

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី៥ ខែសីហា បាននិយាយថាសហរដ្ឋអាមេរិកខិតជិតទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ហើយថា លោកនឹងជួបលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNBC។ លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍នោះថា «គាត់ (លោក ស៊ី ជីនពីងបានស្នើឱ្យមាន កិច្ចប្រជុំ ហើយខ្ញុំនឹងមានកិច្ចប្រជុំមួយនៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើយើងសម្រេចបានកិច្ចព្រមព្រៀង។ តែប្រសិនបើយើងមិនអាចសម្រេចបានកិច្ចព្រមព្រៀងទេ នោះខ្ញុំនឹងមិនមាន កិច្ចប្រជុំ (ជាមួយលោក ស៊ី ជីនពីងនោះទេ»។ តែយ៉ាងណាក៏ដោយ លោក ត្រាំ បន្ថែមថា «យើងកំពុងខិតកាន់តែជិតទៅរកការចុះកិច្ចព្រមព្រៀង។ យើងកំពុងដោះស្រាយជាមួយចិន បានយ៉ាងល្អប្រសើរ»

គួរបញ្ជាក់ថា ចិនកំពុងប្រឈមមុខនឹងឱសានវាទដល់ថ្ងៃទី១២ ខែសីហា ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ឈានដល់កិច្ចព្រមព្រៀងបឋមក្នុងខែឧសភា និងខែមិថុនា ដើម្បីផ្អាកការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមក។ ដូច្នេះបើមិនមានកិច្ចព្រមព្រៀងពេញលេញមួយទេ មហាអំណាចទាំង២ អាចនឹងត្រឡប់ទៅរកការដំឡើងពន្ធគយសងសឹកដាក់គ្នាសាជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង