ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃ និងញាតិញោមជាង ១ ០០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងបង្សុកូលឧទ្ទិសមហាកុសល ជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ

68

ភ្នំពេញ ៖សាលាគណរាជធានីភ្នំពេញ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត វត្តបទុមវតីរាជវរារាម នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ជាង ១០០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងប្រគេនចង្ហាន់ ព្រះសង្ឃ សមណសិស្ស ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ដើម្បីបូរណភាពទឹកដីខ្មែរ។ 

ពិធីនេះបានធ្វេីឡេីងក្រោមវត្តមានលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងមានការចូលរួមពីលោកស្រី កែ សួនសុភី សសុខា រួមទាំងមានព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ជាង ១០០០អង្គ/នាក់ ដែលបានប្រារព្ធនៅវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

នៅក្នុងពិធីនេះក៏មានការធ្វេីនមស្ការព្រះរតនត្រ័យ និងសមាធិ ៣០នាទី, សមាទានសីល និងវេរភត្តាហារប្រគេនព្រះសង្ឃ សមណសិស្ស , ព្រះសង្ឃ បានធ្វើភត្តានុមោទនា បង្សុកូលប្រមូលបុណ្យកុសលឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ដើម្បីសេចក្តីសុខសន្តិភាព ស្ថេរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរជាយូរអង្វែងតរៀងទៅ។ 

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

យោធាឈ្លានពានថៃ បានបើកការវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំង ដោយមានការប្រើប្រាស់អាវុធធន់ធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំងនោះ រួមមាន៖ តំបន់ភ្នំទ្រព្យ, តាថាវ, ភ្នំខ្មោច, អូរផ្កាស្នេហ៍, មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី, វត្តអារាម, មណ្ឌលសុខភាព, ភូមិឋានប្រជាពលរដ្ឋ និងប្រាសាទព្រះវិហារជាដើម ។ ជាមួយគ្នានោះក្រោយការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ សោកនាដកម្មបានកេីតឡេីង ដោយបានធ្វេីឱ្យវីរៈកងទ័ពរបស់កម្ពុជា បានពលី អស់ជាច្រេីននាក់ផងដែរ។ 

ជាមួយគ្នានោះក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តាំងពីបទឈប់បាញ់ចូលជាធរមាន កម្ពុជាមិនដែលល្មើសម្តងណាឡើយ៕

អត្ថបទដែលជាប់ទាក់ទង