ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកស្បៀងអាហារចាំបាច់ ទទួលបានពីសប្បុរជន ប្រគល់ជូនវីរកងទ័ព និងជនភៀសសឹកនៅខេត្តព្រះវិហារ

141

ព្រះវិហារ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ ទទួលបានពីសប្បុរជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ រស់នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញយកមកប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក ប្រចាំខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះ ជាច្រើនលើកមកហើយ ។

ពិធីប្រគល់និងទទួលអំណោយនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ត្រូវបានធ្វើឡើងនៅទីបញ្ជាការស្រាលកងអង្គរក្ស ដោយដឹកនាំដោយឯកឧត្តម អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងទទួលដោយផ្ទាល់ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសខេត្តព្រះវិហារ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងរាជធានី ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ និងជូនពរវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អ សុខសុវត្ថិភាព ឈ្នះអស់សត្រូវឈ្លានពាន ។

ឯកឧត្តម អ៊ឹមរ៉ន ហាស្សាន់ បានឱ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាគ្រឿងឧបភោគ និងបរិភោគ ប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក ទាំងទិសប្រាសាទព្រះវិហារ និងឧត្តរមានជ័យ ជាច្រើនលើក មកហើយខណៈដែលឯកឧត្តមផ្ទាល់បានដឹកនាំក្រុមការងារចុះនាំយកមកដោយផ្ទាល់ទាំងលើកនេះ សរុប ៤លើក ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ឹម រ៉ន ហាស្សាន់ បានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លាបានពី ប្រជាជនរដ្ឋចូលរួម ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពាន យ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។ឯកឧត្ដមអភិបាលរងក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះនេះជាទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមចែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែង មកទីកន្លែងសុវត្ថិភាព តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ ។

ជំនួសមុខឱ្យវីរកងទ័ពដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការងកងអង្គរក្ស សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមកាងារ រដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជននៅរាជធានីភ្នំពេញេ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនដល់កងទ័ពជួរមុខ។

បន្ថែមលើនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលបានឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគជាច្រើនមុខ សម្រាប់វីរកងទ័ព ឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ ។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយកងកម្លាំងទាំងអស់គ្នា និងបានប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងអង្គរក្ស នាពេលនេះ មានប្រមាណជិត១០មុខ ដូចជាអង្ករ, ខ្ទឹមស, ត្រីប្រឡាក់, បាយក្តាំង, នំចម្រុះ និងសៀងប្រៃ-ផ្អែម៕

អត្ថបទដែលជាប់ទាក់ទង