លទ្ធផលនៃកិច្ចប្រជុំ RBC ជាសញ្ញាល្អមួយទៀតបញ្ជាក់ថាកិច្ចព្រមព្រៀងឈប់បាញ់កាន់តែមានភាពរឹងមាំហើយអ្វីៗកំពុងដំណើរការទៅមុខប្រកបដោយភាពវិជ្ជមាន
ភ្នំពេញ៖ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា លទ្ធផលនៃកិច្ចប្រជុំ RBC នាពេលនេះ បង្ហាញថា ជាសញ្ញាល្អមួយទៀត ដែលបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់ កាន់តែមានភាពរឹងមាំ ហើយអ្វីៗកំពុងដំណើរការទៅមុខប្រកបដោយភាពវិជ្ជមាន ដែលយើងសង្ឃឹមថា ស្ថានភាពនឹងអាចវិលទៅរកភាពធម្មតាឡើងវិញខាងមុខនេះ។
ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) គណៈប្រតិភូថៃដឹកនាំដោយលោកឧត្តមនាវីឯក អភិឆាត សាប់ប្រសើត មេបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែន ថ្នាក់យោធភូមិភាគ (RBC)។
កិច្ចប្រជុំខាងលើនេះ កើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា លទ្ធផលនៃកិច្ចប្រជុំ RBC នៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដ៏សំខាន់ ក្នុងដំណើរការអនុវត្តបទឈប់បាញ់ រវាងកងទ័ពកម្ពុជាថៃ ហើយអាចចាត់ទុកថា វាជាផ្នែកមួយនៃការពង្រឹងបទឈប់បាញ់ឲ្យកាន់តែមានប្រសិទ្ធភាព ហើយអាចជួយសម្រាលស្ថានការណ៍ឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ»។
សូមជម្រាបថា បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងតំបន់យោធា និង បណ្តាយោធភូមិភាគ ព្រមទាំងអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ និងខិតខំដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី ដើម្បីជៀសវាងនូវការប៉ះទង្គិចគ្នា។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការតាំងចិត្តវិជ្ជមាន និង ស្មារតីឆ្ពោះទៅមុខក្នុងការពង្រឹងទំនាក់ទំនងតាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ»។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងទំនុក ចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។
សូមជម្រាបដែរថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តាំងពីបទឈប់បាញ់ចូលជាធរមាន កម្ពុជាមិនដែលល្មើសម្តងណាឡើយ៕
