ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់បាន៤១%

89

ភ្នំពេញ៖ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់បាន៤១%នៃផែនការសាងសង់ ៤២ខែ ដោយមិនយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ហើយម្រោងនេះត្រៀមបញ្ចប់ នៅដើមឆ្នាំ២០២៨ខាងមុខ។

នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមផន រឹម បានឱ្យដឹងថា ស្ពាននេះបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ពេលនេះការដ្ឋានកំពុងសម្រុកខ្លាំង ដោយគោរពតាមបទដ្ឋានបច្ចេកទេស  និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភណ័្ឌភាព។

អង្គភាពគ្រប់គ្រងគម្រោងបានពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារ ដោយហេតុថា រដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ ដោយបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹកធានាបីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ឆ្លងទីតាំងការដ្ឋាននោះ។

ឯកឧត្ដម ផន រឹម បានបន្ថែមថា បច្ចុប្បន្នការងារស្ពានផ្នែកខាងកើតស្ពានសម្រេចបាន៖ ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦១,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ២៦,១២% រួមមាន៖ តួសរសរស្ពាន១២ សម្រេចបាន៦សរសរ, សរសរស្ពាន៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

ពេលសាងសង់រួចស្ពាននេះរួច នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ ។ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង