កម្លាំងនគរបាលច្បារអំពៅទី២ ឃាត់ជនសង្ស័យម្នាក់ មានដីការចាប់ខ្លួន និង ដកហូតអាវុធខ្លី១ដើម
ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ច្បារអំពៅទិ២ ល្បាតក្នុងមូលដ្ឋាន ប្រទះឃើញមុខសញ្ញាជួញដូរគ្រឿងញៀន ប្រដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញកាំភ្លើង ០១ដើម ក្នុងកាបូបស្ពាយ ។
ប្រតិបត្តការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ០២ នឹង ០៣នាទីរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៥ ចំណុចមុខផ្ទះគ្មានលេខ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យឈ្មោះ លឹម ចន្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ( មានសារធាតុញៀន ) ។
លោកវរសេនីយ៍ទោ អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាលោកវរៈសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុ ក៍ប្រទះឃើញជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន មានដីការចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ កំពុងជិះម៉ូតូ០១គ្រឿងម៉ាក Honda Sonic ពណ៌ក្រហមលាយស គ្មានស្លាកលេខ ។ ភ្លាមៗសមត្ថកិច្ច បានប្រដេញចាប់ប្រភីង រហូតឃាត់ខ្លួនជនសង្ស័យដោយ រកឃើញអាវុធខ្លី ១ដើម ម៉ាក ZORAKI MOD 914-TD AUTO ពណ៌ខ្មៅ, បង់ចំនួន ០១ (គ្មានគ្រាប់) និងទូរស័ព្ទ ២គ្រឿង លាក់ក្នុងកាបូបស្ពាយ នឹងបាននាំ ខ្លួនជនសង្ស័យបញ្ជូនមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ។
នាយប៉ុស្តិ៍ច្បារអំពៅទី២ បានបន្តថា បន្ទាប់ពីបានឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រកឃើញថា ជនសង្ស័យឈ្មោះ លឹម ចន្ធី មានដីកាបង្គាប់ឲ្យចាប់ខ្លួន (លេខ ៥៥២ ចុះថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៤) ចេញដោយលោកស្រី សាយ ស្រីល័ក្ខណ៍ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រ្តឹតនៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៣ ។បច្ចុប្បន្ន ជនសង្ស័យត្រូវបាន នគរបាលប៉ុស្តិ៍ ធ្វើការកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

