ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកម៉ាក្រុង៖ជំនួបរវាងលោកពូទីននិងលោកហ្សេលេនស្គីអាចនឹងកើតឡើងក្នុងរយៈពេល២សប្តាហ៍ខាងមុខ

137

ប៉ារីស៖ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ជំនួបមួយរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹងកើតមានឡើងក្នុងរយៈពេល ២សប្តាហ៍ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃទី១៩ ខែសីហា។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ LCI លោក ម៉ាក្រុង បានបញ្ជាក់ថា លោក ពូទីន ដែលបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់លោក ក្នុងការជួបជាមួយលោក ហ្សេលេនស្គី នៅក្នុងក្របខ័ណ្ឌពេលវេលានោះ។

លោក ម៉ាក្រុង បានមានប្រសាសន៍ថា «យើងបានសម្រេចចិត្តឱ្យមានកិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតីទាំងពីរ បន្ទាប់មកកិច្ចប្រជុំត្រីភាគី (ជាមួយលោក ត្រាំ) ហើយបន្ទាប់មកទៀតកិច្ចប្រជុំពហុភាគី ដែលក្នុងនោះមេដឹកនាំអឺរ៉ុបត្រូវតែមានវត្តមាននៅតុចរចាផងដែរ»។

គួរបញ្ជាក់ថា លោក ម៉ាក្រុង បានបន្ថែមថា កិច្ចប្រជុំបែបនេះគួរតែធ្វើឡើងនៅអឺរ៉ុប ដើម្បីឆ្លុះបញ្ចាំងពី «ឆន្ទៈរួម» របស់មេដឹកនាំអឺរ៉ុប។ លោកបានលើកឡើងថា ខុសពីជំនួបក្នុងឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅប្រទេសបារាំង ជំនួបខាងមុខនេះអាចនឹងប្រព្រឹត្តទៅនៅក្នុង «ប្រទេសអព្យាក្រឹត» ណាមួយ ដូចជាប្រទេសស្វីស ឬតួកគី ដែលជាទីកន្លែងដែលរុស្ស៊ី និងអ៊ុយក្រែនធ្លាប់បានបើកកិច្ចចរចាទ្វេភាគីកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង