រដ្ឋមន្ត្រីការបរទេសកម្ពុជាប្រាប់តំណាង UNDP ថ្មីថាកម្ពុជាគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់និងដោះស្រាយវិវាទទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ
ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំថា កម្ពុជាគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ និងដោះស្រាយវិវាទទាំងអស់ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានទទួលជួប លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម។ លោក បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះ លោក អេនរីកូ ហ្គា វេលីយ៉ា ដែលត្រូវបានតែងតាំងជាតំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ អ.ស.ប. ប្រចាំកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការត្រៀមផ្តល់កិច្ចសហការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្នុងការសម្របសម្រួលជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីធានាភាពជោគជ័យនៃ បេសកកម្មរបស់ លោក អេនរីកូ ហ្គាវេលីយ៉ា។
ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់ UNDP ដែលបានជួយរាជរដ្ឋាភិបាលកម្ពុជាលើគម្រោងការការពារសង្គម (social protection) និងបាន ស្នើសុំ UNDP បន្តជួយគាំទ្រលើវិស័យសំខាន់ៗមានដូចជា៖ កិច្ចការបោសសម្អាតមីន ថាមពលកកើតឡើង វិញ សមភាពសង្គម យុវជន បញ្ហាប្រឈមផ្នែកសៃប័រ និងការប្រែប្រួលអាកាសធាតុ។
លោក អេនរីកូ ហ្គាវេលីយ៉ា បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញភារកិច្ចក្នុង ប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា UNDP បានជួយគាំទ្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា ដូចមានក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជារបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះគម្រោង អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលជួយជំរុញជីវភាពប្រជាពលរដ្ឋក្រោយវិបត្តិកូវីដ១៩។
ក្នុងឱកាសនោះដែរឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជម្រាប លោក អេនរីកូ ហ្គាវេលីយ៉ា ជាសង្ខេប អំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល។ ឯកឧត្ដមបានបញ្ជាក់ជាថ្មីម្តងទៀតអំពីជំហររបស់កម្ពុជា ក្នុងការគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងដោះស្រាយវិវាទទាំងអស់ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជិតស្និទ្ធជាមួយ UNDP និងជូនពរលោក ឱ្យបានសម្រេចភារកិច្ចដោយជោគជ័យនៅកម្ពុជា៕

