រុស្ស៊ី៖ជំនួបកំពូលមិនអាចទៅមុខបានទេព្រោះលោកហ្សេលេនស្គី «បដិសេធរាល់សំណើទាំងអស់»
ក្រុងមូស្គូ៖រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា មិនទាន់មានរបៀបវារៈណាមួយ សម្រាប់ជំនួបកំពូលរវាងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នោះទេ ដោយលោកបានចោទប្រកាន់មេដឹកនាំអ៊ុយក្រែនថា បាន «បដិសេធរាល់សំណើទាំងអស់»។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC លោក Lavrov បានបញ្ជាក់ថា លោក ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា លោកត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយលោក ហ្សេលេនស្គី ប៉ុន្តែលុះត្រាតែមានរបៀបវារៈត្រឹមត្រូវសម្រាប់កិច្ចប្រជុំបែបនេះ ដែលជាអ្វីមួយដែលលោកអះអាងថាកំពុងខ្វះខាតនាពេលបច្ចុប្បន្ន។ លោកបាននិយាយថា «លោក ពូទីន ត្រៀមខ្លួនជួបជាមួយលោក ហ្សេលេនស្គី នៅពេលដែលរបៀបវារៈសម្រាប់ជំនួបកំពូលត្រូវបានរៀបចំរួចរាល់។ ហើយរបៀបវារៈនេះមិនទាន់រួចរាល់ទាល់តែសោះ»។
លោក Lavrov បានអះអាងថា រុស្ស៊ីបានបង្ហាញភាពបត់បែនលើបញ្ហាមួយចំនួនដែលលើកឡើងដោយលោក ត្រាំ ប៉ុន្តែបានចោទប្រកាន់អ៊ុយក្រែនថា មិនបានបង្ហាញភាពបត់បែនដូចគ្នាឡើយ។ លោកបាននិយាយថា «លោក ត្រាំ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា មានគោលការណ៍ជាច្រើនដែលទីក្រុងវ៉ាស៊ីនតោនជឿជាក់ថាត្រូវតែទទួលយក រួមមាន ការមិនចូលជាសមាជិក NATO, ការពិភាក្សាលើបញ្ហាទឹកដី ហើយលោក ហ្សេលេនស្គី បានបដិសេធរាល់សំណើទាំងអស់»។
គួរបញ្ជាក់ថា យោងតាមប្រភពដែលដឹងពីរឿងនេះ វិមានក្រឹមឡាំងចង់ឱ្យអ៊ុយក្រែនប្រគល់តំបន់ Donbas ភាគខាងកើតទាំងមូល បោះបង់ចោលមហិច្ឆតាក្នុងការចូលរួមជាមួយ NATO និងរក្សាអព្យាក្រឹតភាព។ ផ្ទុយទៅវិញ លោក ហ្សេលេនស្គី បានចោទប្រកាន់វិមានក្រឹមឡាំងវិញថា កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា ជំនួបរវាងរូបលោក និងលោក ពូទីន មិនអាចកើតឡើងបានឡើយ៕

